ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី លួចដោះអាគុយ លើរទះលក់ដូរ ក្រោយផ្សាររាត្រី នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី លួចដោះអាគុយ លើរទះលក់ដូរ ក្រោយផ្សាររាត្រី នៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦នេះថាជនសង្ស័យខាងលើមាន ១ ឈ្មោះវ៉ឹង ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២.ឈ្មោះ មុំ មឿនពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតភូមិទ្រា ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ និងទីលំនៅបច្ចុប្បន្នភូមិព្រៃសំបួរកើត ឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
និងទី៣.ឈ្មោះ ម៉ម ផាន់នី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ប្រភពបន្តថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ សំ សំអុល អធិការនគរបាលក្រុងបាវិត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៣និង១០នាទីរសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតទទួលបានបណ្ដឹងដោយផ្ទាល់មាត់ពីប្រជាពលរដ្ឋ ជាជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ថាពួកខ្លូនចាប់បានក្រុមចោរកំពុងលួចដោះអាគុយ លើរទះលក់ដូររបស់ខ្លួន ក្រោយផ្សាររាត្រី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយពីបានទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានសហការណ៍ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះទៅដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមទាំងវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីធ្វើការសួរនាំ ។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសាភាពថា ពួកខ្លួនទាំង៣នាក់ពិតជាបានរកលួចអាគុយខាងលើពិតប្រាកដមែន តែកំពុងតែធ្វើសកម្មភាពដោះក្បាលអាគុយក៍ត្រូវបានម្ចាស់គេតាមទាន់ និងចាប់ពួកគេទុករហូតដល់សមត្ថកិច្ចនាំខ្លួនយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតតែម្ដង។
សមត្ថកិច្ចនគរបាលបានដកហូត សម្ភារៈនិងវត្ថុតាងលើខ្លួនជនសង្ស័យរួមមានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ គ្មានស្លាកលេខ កាំបន្ទះ ពណ៍ខ្មៅ ចំនួន០១គ្រឿង(មធ្យោបាយធ្វើសកម្មភាព) កាំបិតដងជ័រចំនួន០១ដើម កូនកាំបិតដងខ្មៅ ចំនួន០១ឧបករណ៍ឆក់ចំនួន០១កន្ត្រៃកាត់ខ្សែភ្លើង ដងពណ៍ក្រហម ចំនួន០១កាំបិតកាត់ខ្សែភ្លើងចំនួន០១ដង្កាប់ ដងពណ៍លឿងចំនួន០២ពូថៅដងឈើចំនួន០១
ទូរឺវីសចំនួន០២សោជ្រុងចំនួន០១ សោមុខពីរចំនួន០១ សោមូលចំនួន០១ឧបករណ៍ផ្សារចំនួន០១ទូរស័ព្ទដៃម៉ាក IPHONE ចំនួន០២គ្រឿងពណ៍ខ្មៅ សោម៉ូតូចំនួន០១។
ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមច្បាប់៕

You might also like