លោក សេន រ៉ានុត ទទួលបានកិត្តិយសខ្លាំង មានឱកាសចូលជួបថ្នាក់ដឹកនាំសំខាន់ៗ
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ១៥ ឆ្នាំ មកហើយ ដែលតារាចម្រៀងប្រុស លោក សេន រ៉ានុត បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯសហរដ្ឋអាមេរិក។ ក្នុងនោះដែរ ក្រោយចាកចេញទៅរស់នៅក្រៅប្រទេស លោក សេន រ៉ានុត ក៏បានរៀបការសាងគ្រួសារនឹងភរិយា និង ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ២ នាក់ ហើយដែរ។ ជាមួយគ្នានេះដែរ លោក សេន រ៉ានុត ក៏បានបន្តក្តីស្រឡាញ់ក្នុងការផលិតបទចម្រៀងដូចដើម ខណៈសព្វថ្ងៃលោក គឺមានអាជីពបន្ថែមជាជាងមាស និង មានភរិយាជាថៅកែហាងមាសទៀតផង។
ក្រោយចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិក លោក សេន រ៉ានុត ក៏ធ្លាប់បានវិលត្រឡប់មកលេងស្រុកកំណើតដែរ ប៉ុន្តែមិនបានញឹកញាប់នោះឡើយ។ យ៉ាងណាមិញ ថ្មីៗនេះ លោក សេន រ៉ានុត បាននាំភរិយា និង កូនៗទាំង ២ របស់លោកមកលេងប្រទេសកម្ពុជា និង បានបង្ហាញវត្តមានក្នុងកម្មវិធីកម្សាន្តមួយចំនួនដែរ។
ជាងនេះទៅទៀត អ្វីដែលកាន់តែពិសេស សម្រាប់លោក សេន រ៉ានុត និង ក្រុមគ្រួសារមិនអាចបំភ្លេចបាននោះ គឺតារាចម្រៀងរូបនេះ មានឱកាសបានជួបថ្នាក់ដឹកនាំសំខាន់ៗជាបន្តបន្ទាប់។
ជាក់ស្តែង ក្នុងនោះ លោក សេន រ៉ានុត និង ភរិយា ព្រមទាំងកូនៗមានកិត្តិយសបានជួបសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផងដែរ៕






