គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តនិងរថយន្តខ្នាតយក្សសណ្តោងរីម៉កដឹកទូរកុងទីន័រ ដែលមានទិសដៅមកពីភ្នំពេញចូលមកខេត្តព្រះសីហនុ ទិសដៅស្របគ្នា
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលទទួលបន្ទុកកិច្ចការចរាចរអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០២:១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវលេខ១៤៦B ចន្លោះបង្គោលគីឡូម៉ែត្រលេខ( ២២-២៣) ស្ថិតនៅភូមិ០១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឡើងដោយរថយន្តនិងរថយន្តខ្នាតយក្សសណ្តោងរីម៉កដឹកទូរកុងទីន័រ ដែលមានទិសដៅមកពីភ្នំពេញចូលមកខេត្តព្រះសីហនុ ទិសដៅស្របគ្នា ។
ប្រភពខាងលើបានឲ្យដឹងបន្ថែមថា រថយន្ដបង្កហេតុម៉ាក FUSO ពណ៌មខៀវ ពាក់ស្លាកលេខ ភ្នុំពេញ ៣E៣២១៣ សណ្ដោងរុឺម៉កពាក់ស្លាកលេខ ភ្នុំពេញ ៤B០៨០៩ បើកបរដោយឈ្មោះ ខឹម ចាន់តារាមុន្នី ភេទ ប្រុស អាយុ៣០ ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (រងរបួសធ្ងន់) ។
រថយន្តរងគ្រោះម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣G៥៦៣០ សណ្តោងរុឺម៉កពាក់ស្លាកលេខ កណ្ដាល ៤A០០៦៥ បើកបរដោយឈ្មោះ សឿន ឡូត ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចនគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរខាងលើនេះដោយសារតែការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក្នុងសណ្ឋានភាពផ្លូវកោងហើយចុះចំណោទរថយន្តក៏បានជ្រុលចង្កូតទៅបុកពីក្រោយ រថយន្តរងគ្រោះដែលមានភិនភាគខាងលើដែលបើកបរដោយឈ្មោះ សឿន ឡូត ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យកកស្ទះចរាចរណ៍ឡើយ ដោយសារតែកើតហេតុក្នុងពេលរំលងអធ្រាត្រ តែក៍រំខានដល់ការសម្រានរបស់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ។
ជនរងគ្រោះអ្នកបើកបររថយន្តបង្កត្រូវបានដឹកតាមរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រីឯរថយន្ដទាំង០២ត្រូវបានសមត្ថកិច្ចនគរបាលចរាចរនៃអធិការដ្ឋានស្រុកស្ទឹងហាវស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ រងចាំដោះស្រាយតាមនីតិវិធី ៕






