ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យលើទម្រង់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យលើទម្រង់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការអញ្ជេីញចូលរួមពី លោកអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន/ស្ថានីយ៍ នាយ-នាយរងការិយាល័យជំនាញ ព្រមទាំងលោក លោកស្រី មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ប្រធានអង្គប្រជុំ បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះគឺមានគោលបំណងដើម្បី តាមដាន ត្រួតពិនិត្យ ពិភាក្សា ក៏ដូចជាស្រាវជ្រាវ ទៅលើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធបច្ចេកវិទ្យា មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ បន្តចូលរួមបង្កើនកិច្ចសហការ ក៏ដូចជាផ្តល់នូវធាតុចូលល្អៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធបច្ចេកវិទ្យា កាន់តែមានភាពល្អប្រសើរ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទៅតាមការគ្រោងទុករបស់ថ្នាក់ដឹកនាំ ៕






