នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់កាបូប និងជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវលេខ១០៣ កែងផ្លូវលេខ១៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ជនសង្ស័យខាងលើមានឈ្មោះ សំ ចាន់ដារ៉ាវុធ ហៅ យក្ស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន ដែកសំប៉ែតមុខស្រួចរាងអក្សរ L ចំនួន ០១ដើម។ កម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕






