ម្ចាស់គោសហការជាមួយសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចគោអ្នកភូមិនៅស្រុកដងទង់

កំពត៖ កម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចសត្វគោ នៅចំណុចភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី០1 ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៤០ នាទី។
អត្តសញ្ញាណជនសង្ស័យ និងជនរងគ្រោះ
ជនសង្ស័យ៖ ឈ្មោះ សាន់ ហាំម៉ាន់ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ជនរងគ្រោះទី១៖ ឈ្មោះ ស៊ឹម ស្រីមុំ ភេទស្រី អាយុ ៥៤ ឆ្នាំ រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ (ម្ចាស់គោញី សម្បុរស ដែលចងឱ្យស៊ីស្មៅក្នុងចម្ការស្វាយ)។
ការដកហូតវត្ថុតាង
ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃចំនួន ០២ គ្រឿង រួមមាន៖
១. ម៉ាក OPPO A5X ពណ៌ប្រាក់ (លេខទូរស័ព្ទ 071 7556755)
២. ម៉ាក OPPO A15 ពណ៌ខ្មៅ (លេខទូរស័ព្ទ 081 410598)
ការរកឃើញបទល្មើសចាស់បន្ថែម
ក្រោយពីធ្វើការសាកសួរចម្លើយយ៉ាងដិតដល់ ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចសត្វគោចំនួន ០១ ករណីផ្សេងទៀត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:១០ នាទីព្រឹក នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
ម្ចាស់គោរងគ្រោះទី២៖ ឈ្មោះ សែម អុល ភេទប្រុស អាយុ ៥៥ ឆ្នាំ (បាត់គោញី សម្បុរសលាយក្រហមព្រឿង)។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

You might also like