ក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ
ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ពេញវុធ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួលផ្ទាល់ជាមួយអាជីវករលក់ដូរនៅក្នុងតំបន់ដីក្រហម ជាប់ផ្សារដើមគ ដោយទទួលបានការស្រុះស្រួល និងសះជាគ្នា ដើម្បីអនុវត្តគម្រោងស្ថាបនាប្រពន្ធ័លូ និងផ្លូវនៅជុំវិញផ្សារដើមគ។
ក្រោយការជជែកគ្នាលម្អិតរួចមក គ្រប់ភាគីបានយល់ពីគ្នា ហើយអាជីករក៏បានយល់ព្រមទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរ ព្រមទាំងសាទរចំពោះការរៀបចំជួសជុលផ្លូវដាក់លូ និងរៀបខឿនចិញ្ចើមផ្លូវផងដែរ។ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្នុងនាមឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរអរគុណដល់អាជីវករទាំងអស់ ដែលបានឯកភាពឱ្យគម្រោងដ៏មានសារៈសំខាន់មួយនេះដំណើរការតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបរិស្ថាន អនាម័យ សោភ័ណ្ឌភាពតាមដងផ្លូវ និងបរិវេណផ្សារដើមគផងដែរ។
តាមការបញ្ជាក់ពីលោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផែនការដែលបានគ្រោងទុករដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តេីមការដ្ឋានរួមមាន ជួសជុលផ្លូវ ដោយចាក់បេតុងឆ្អឹងដែកកម្រាស់ ២០ស.ម នៅផ្លូវលេខ ២៣៥ (ចាប់ពីផ្លូវលេខ ៣៣៦ ដល់ផ្លូវផ្លូវលេខ ២១៧) ប្រវែង ១៧៦ម៉ែត្រ ទទឹង ១២ម៉ែត្រ និងដាក់លូទំហំ ០.៨ម៉ែត្រ នៅផ្នែកខាងកើតប្រវែង ៨៣ម៉ែត្រ។ ជួសជុលផ្លូវដោយចាក់បេតុងឆ្អឹងដែកកម្រាស់ ២០ស.ម នៅផ្លូវលេខ ៣៤៦ (ចាប់ពីផ្លូវ ២៤៥ ដល់ផ្លូវ ២៣៥) ប្រវែង ១៥០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងដាក់លូទំហំ ០.៨ម៉ែត្រ នៅផ្នែកខាងជើង ប្រវែង ១៦០ម៉ែត្រ និងរៀបខឿនចិញ្ចើមផ្លូវទាំងពីរខ្សែ ប្រវែង ៦៥២ម៉ែត្រ ៕






