ក្រសួងរ៉ែ និងថាមពល ស្រាយបំភ្លឺករណីហិង្សារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់ នៅខេត្តព្រៃវែង

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីករណីហិង្សារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់ នៅក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល។
ប៉ុន្មានថ្ងៃមកនេះ វីដេអូរយៈពេលជាង១៦នាទី បង្ហាញពីការទាស់សម្ដីឈានដល់ប្រើប្រាស់ហិង្សារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់នៅទីតាំងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ តាមរយៈវីដេអូនោះ ប្រជានេសាទ បាននិយាយថា អាជីវកម្មបូមខ្សាច់នេះ បានធ្វើឱ្យបាក់ច្រាំងទន្លេ ហើយប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ ហើយបានឈានដល់ការប្រើហិង្សាទៅលើកម្មករបូមខ្សាច់នៅទីនោះតែម្ដង។
ដើម្បីកំណត់ជាដើមចមនៃបញ្ហាពិតប្រាកដ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ពោលគឺម្សិលមិញនេះ ក្រសួងរ៉ែ និងថាមពល រួមជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីស្ដាប់ពីបញ្ហាប្រឈម និងរកដំណោះស្រាយចំពោះបញ្ហាដែលកើតមាន ប្រសិនបើរកឃើញថាមានកំហុស។ លោក អ៉ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «ប្រជានេសាទដែលបានប្រើអំពើហិង្សានោះ ពុំបានចូលរួមក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនោះឡើយ»
អ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា ក្រោយចុះទៅពិនិត្យជាក់ស្ដែង ពុំមានការបាក់ច្រាំងដូចនឹងខ្លឹមសារក្នុងវីដេអូនោះទេ ហើយក្រុមហ៊ុនបានធ្វើសកម្មភាពបូមខ្សាច់នៅលើតែទីតាំងដែលក្រសួងបានផ្ដល់អាជ្ញាបណ្ណស្របច្បាប់ប៉ុណ្ណោះ៕

You might also like