កម្លាំងអាវុធហត្ថស្រុកសំពៅលូន បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៦នាក់

ខេត្តបាត់ដំបង៖ យោងតាមការណែនាំ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ កម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូន ដឹក នាំដោយលោកអនុសេនីយ៍ឯក លាង សុខលី មេបញ្ជា ការមូលដ្ឋានអាវុធហត្ថស្រុក បានបើកប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស និងករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ជាបន្តបន្ទាប់។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៧: ៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ការចុះបង្ក្រាបនេះធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ថន សុផាត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។
ជាលទ្ធផល ក្នុងចំណោមជនសង្ស័យទាំង ០៦នាក់ រួមមាន៖
១. ករណីលួចមានស្ថានទម្ងន់ទោស (ចំនួន ០២នាក់)៖
ឈ្មោះ សំ ណាវី ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរមិនពិតប្រាកដ)និងឈ្មោះ លីន ស្រីនិត ភេទស្រី អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
២. ករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ចំនួន ០៤នាក់)៖ឈ្មោះ ឈិន សុីណា ភេទប្រុស អាយុ ២២ឆ្នាំ (មុខរបរមិនពិតប្រាកដ),ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរកម្មករ),ឈ្មោះ ឈិន នាង ភេទស្រី អាយុ ២៤ឆ្នាំ (មុខរបរកម្មករ),ឈ្មោះ ជុំ រក្សា ភេទ ប្រុស អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ)។
វត្ថុតាងដែលដកហូតបានរួមមាន៖
កាំបិតកញ្ចែត ចំនួន១,កន្ត្រៃ ចំនួន ០១,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃ ចំនួន ០៨គ្រឿងនិងប្រាក់រៀល ចំនួន ៦,០៥០,០០០ រៀល។
ជនសង្ស័យទាំង ០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

You might also like