មន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួត​ពិនិត្យ​ផ្សព្វផ្សាយ​ពី​សារ​ធាតុ​គីមី​ហាម​ឃាត់​ដែល​ច្បាប់​មិន​អនុញ្ញាត​បន្ថែម​ទៅ​លើ​ម្ហូប​អាហារ​នៅផ្សារពាណិជ្ជកម្ម

ដោយមានការយកចិត្តទុកដាក់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ច​ប្រកួត​ប្រជែង ​និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ប៉ិច អនុប្រធានសាខា បានដឹកនាំមន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ ចុះត្រួតពិនិត្យ និងស្រង់តម្លៃទំនិញម្ហូបអាហារ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ពី​សារធាតុគីមីហាមឃាត់នៅផ្សារពាណិជ្ជកម្ម ក្រុងព្រះសីហនុ។
សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ បាន​ឱ្យ​ដឹង​ថា ​សកម្មភាពត្រួតពិនិត្យនេះ គឺដើម្បីតាម​ដាន​តម្លៃ​ទំនិញ​នៅ​លើទីផ្សារ​លើ​ការ​ដាក់​តាំង​លក់​ឱ្យ​មាន​អនាម័យ និងតាមប្រភេទទំនិញម្ហូបអាហារដាច់ដោយឡែកពីទំនិញប្រើប្រាស់ផ្សេងៗ ដោយ​អប់រំ​ផ្សព្វ​ផ្សាយអំពីសារធាតុគីមីហាមឃាត់មួយចំនួន ដែលច្បាប់​មិន​អនុញ្ញាត​បន្ថែ​ម​ទៅ​លើ​ម្ហូប​អាហារ ​និងយកសំណាកគំរូម្ហូបអាហារជាច្រើនប្រភេទ ដើម្បីធ្វើការ​តេស្ត​បឋម​នៅលើ​រថយន្ត​ពិសោធន៍​ចល័ត រួមមាន គ្រឿងសមុទ្រ បង្គារ ម៉ឹក ត្រីសមុទ្រ ត្រីងៀត បង្គារក្រៀម តៅហ៊ូ សណ្តែក​បណ្តុះ ប្រហិតសាច់គោ សាច់បាតេ ឈាមជ្រូក ខ្ញីហាន់ សាច់ក្រក បន្លែ ផ្លែឈើ។ ជា​លទ្ធ​ផល​ពុំឃើញវត្តមានសារធាតុគីមីហាមឃាត់ ឬ សំណល់ថ្នាំ​កសិកម្ម​នៅ​ក្នុង​ម្ហូប​អាហារ​ទាំង​អ​ស់​នោះ​ឡើយ​។
ក្រៅពីនោះក្រុមការងារសាខា ក.ប.ប. ខេត្តព្រះសីហនុ និងមន្ត្រីនៃមន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​បាន​ធ្វើ​ការ​ត្រួតពិ​និត្យម្ហូបអាហារស្រស់ ពិនិត្យទំនិញគ្រឿងកំប៉ុង កញ្ចប់ និងទំនិញម្ហូប​អាហារ​វេច​ខ្ចប់​ស្រាប់​នៅ​តាមតូប ស្តង់លក់គ្រឿងទេសក្នុងផ្សារផងដែរ ដើម្បីស្វែងសារធាតុហាមឃាត់។
មន្ត្រី សាខា ក.ប.ប ខេត្តព្រះសីហនុបានកោរសរសើដល់បងប្អូនអាជីវករ ដែល​មាន​មនសិការ​ខ្ពស់​ចូល​រួម​ពហិការមិនបន្តលក់ទំនិញថៃ ដោយបានប្រគល់ជូនមន្ត្រី ក.ប.ប យក​ទៅ​កម្ទេច​ចោល​រួម​មាន ​M-150 ចំនួន 36 កេស ស្មើនឹង 504 kg OISHI 25 កេស ស្មើនឹង 325 kg សរុប 61 កេស ស្មើនឹង 829 kg ។
មន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុ បានសំណូមពរអាជីវករលក់ដូរនៅទូទាំងខេត្តព្រះសីហនុ ជា​ពិសេស​អាជីវករលក់គ្រឿងសមុទ្រទាំងអស់ សូមកុំប្រើប្រាស់សារធាតុគីមី ដែលនាំឱ្យ​ប៉ះ​ពាល់​សុខ​ភាព​អ្នក​បរិភោគ ត្រូវចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរ និងមន្ត្រីជំនាញសាខា ក.ប.ប ខេត្ត​ព្រះសីហនុ ដើម្បីរក្សាបាននូវសុវត្ថិភាព សុខភាព ម្ហូបអាហារជូនភ្ញៀវជាតិ-អន្តរជាតិ ដែល​បាន​មក​លេងកំសាន្តនៅខេត្តព្រះសីហនុ៕

You might also like