អ្នកដឹកជញ្ជូនក្រុមហ៊ុន WOWNOW ម្នាក់ បានជិះម៉ូតូបុករថយន្តដឹកទំនិញកំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់ជាអ្នកដឹកជញ្ជូនម្ហូបអាហារបស់ក្រុមហ៊ុន WOWNOW បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈពេលជិះម៉ូតូឆ្លងស្តុបលឿនជ្រុលទៅបុកចំពីមុខរថយន្តដឹកទំនិញធន់ធំបើកបត់ឆ្លងផ្លូវពេញទំហឹង កាលពី យប់ថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ១៨២ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញធន់ធំមួយគ្រឿងពាក់ផ្លាកលេខ ព្រះសីហនុ 3A-0734 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុនៅនិងស្តុបទេពផនក៏បួងចង្កូតបត់ឆ្វេងកាត់តាមបណ្តោយផ្លូវ១៨២វិញ ខណះពេលបត់បានប៉ុន្មានម៉ែត្រ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AG-7559 ជិះដោយយុវជនរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណះពេលជិះមកដល់ចំណុចកើតហេតុមិនបង្អង់ក៏ជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្តចំណែកឯជនរងគ្រោះបានបែកទ្រូងស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗចំណែកឯតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដេប៉ូទី១ ដេីម្បីសួរនាំបន្ត។

សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងស្ទួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន។ចំណែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might also like