សេចក្តីបំភ្លឺ ចំពោះការផ្សព្វផ្សាយរបស់ស្រ្តីម្ចាស់អាខោន TIKTOK ឈ្មោះ Faty Suvernirs និងហ្វេសប៊ុកឈ្មោះ Faty Faty ចោទប្រកាន់មកលើមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ
ថ្មីៗនេះមានស្រ្តីម្នាក់ឈ្មោះ លីម ហ្វាទីម៉ាហ្វាទី ម្ចាស់អាខោនTIKTOK ឈ្មោះ Faty Suvernirs និង ហ្វេសប៊ុកឈ្មោះ Faty Faty បាននិយាយរៀបរាប់ផ្សព្វផ្សាយចោទប្រកាន់មកលើមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដូចខាងក្រោម ៖
១. លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១,មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ឈ្មោះ ហេង ឡៃហ៊ាន់ និងឈ្មោះ អ្នក សារី ត្រូវជាពូបង្កើតរបស់ស្រ្តីឈ្មោះ លីម ហ្វាទីម៉ាហ្វាទី បានសហការរួមគ្នាបរិហារបង្កាច់កេរ្តិ៍ និងរៀបគម្រោងធ្វើបាបលើខ្លួន។
២. បានចោទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ថានៅពេលរូបគាត់ និងបងស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ចំពោះបុរសម្នាក់ឈ្មោះហ៊ុល ភក្រ្តា ផ្ញើសារគំរាមតាមហ្វេសប៊ុក ហើយបុរសនោះបានជិះម៉ូតូទៅតូបគាត់ និងដកអាវុធ ប៉ុនប៉ងមនុស្សឃាតទៅលើរូបគាត់ និងគ្រួសារ បែរជានាយប៉ុស្តិ៍នគរបាលច្រាំងចំរេះទី២ បាននិយាយស្រែកមកកាន់ពួកគាត់ដោយប្រើពាក្យមិនសមរម្យ និងមិនបានចាត់ការសំណុំរឿង ជូនគាត់។
ចំពោះការផ្សព្វផ្សាយរបស់ម្ចាស់អាខោនខាងលើ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា៖ ការចោទប្រកាន់ករណីទី១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១, មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ឈ្មោះ ហេង ឡៃហ៊ាន់ និងឈ្មោះ អ្នក សារី ថាខ្លួនមានភស្តុតាងតាមរយៈថតសម្លេងបានពីការជជែករវាងអ្នកទាំង៣នាក់ បានរៀបចំគម្រោងធ្វើបាបខ្លួន និងបរិហារបង្កាច់កេរ្តិ៍ចំពោះការលើកឡើងរបស់ស្រ្តីឈ្មោះ លីម ហ្វាទីម៉ាហ្វាទី គឺលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ឈ្មោះ ហេង ឡៃហ៊ាន់ និងឈ្មោះ អ្នក សារី គ្រាន់តែជាការជជែកគ្នារឿងធម្មតាក្នុងហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ច្រាំងចំរេះទី១ ក្នុងនាមប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សុំផ្តាំផ្ញើ សមត្ថកិច្ចជួយមើលកូនស្រី របស់គាត់ឈ្មោះ សារី ស៊ីសាវ៉ាទី ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី២ ដោយសារឈ្មោះ អ្នក សារី ជាឪពុក រស់នៅក្នុងខេត្តប៉ៃលិន បារម្ភពីសុវត្ថិភាពកូនស្រី ខ្លាចស្រ្តីឈ្មោះ លីម ហ្វាទីម៉ាហ្វាទី ធើ្វបាបពីព្រោះកន្លងមកធ្លាប់មានបញ្ហាជាមួយកូនស្រីគាត់នៅសាលារៀនមួយកន្លែង ក្នុងសង្កាត់ច្រាំងចំរេះទី២ ។
ការផ្សាយចោទប្រកាន់របស់ឈ្មោះ លីម ហ្វាទីម៉ាហ្វាទី ទៅលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១, មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ឈ្មោះ ហេង ឡៃហ៊ាន់ គ្មានមូលដ្ឋានច្បាស់លាស់ ដែលស្រ្តីឈ្មោះលីម ហ្វាទីម៉ាហ្វាទី គ្រាន់តែយកសម្លេងថតចេញពីកាម៉ារ៉ាសុវត្ថិភាពនៅក្នុងហាងកាហ្វេមួយកន្លែង មានសម្លេងមិនសូវច្បាស់ហើយយកទៅវាយតម្លៃគ្មានហេតុផលច្បាស់លាស់ដោយខ្លួនឯងផ្ទាល់ ហើយធ្វើការផ្សព្វផ្សាយក្នុងបណ្តាញសង្គម នាំឲ្យមហាជនមានការយល់ច្រឡំមកលើសមត្ថកិច្ច បង្កប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរនគរបាលជាតិ។
ចំពោះករណីទី២ ដែលបានចោទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ថាប្រើពាក្យមិនសមរម្យ នៅពេលស្ត្រីម្ចាស់អាខោនខាងលើទៅដាក់ពាក្យបណ្តឹង គឺលោកនាយប៉ុស្តិ៍ សុំធ្វើការបដិសេធមិនដូចការចោទប្រកាន់នោះទេ ដោយថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ បានសួរនាំជាធម្មតា និងទទួលបណ្តឹងពីឈ្មោះ លីម ម៉ារីយ៉ាន ដែលត្រូវជាបងស្រីបង្កើតរបស់ឈ្មោះ លីម ហ្វាទីម៉ាហ្វាទី តាមរយៈបណ្តឹងលេខ០១០/២៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ពីបទគំរាមកំហែង បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើលិខិតកោះហៅឈ្មោះ ហ៊ុល ភត្រ្តា តាមរយៈលិខិតអញ្ជើញលេខ២០/២៣ ល.ប ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឲ្យចូលមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ នៅថ្ងៃទី២៧ ខែឆ្នាំដដែល ប៉ុន្តែឈ្មោះ ហ៊ុល ភត្រ្តា បានគេចខ្លួន ពុំមានទីលំនៅពិតប្រាកដ និងពុំមានស្ថិតិរស់នៅក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី២នោះទេ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីនោះហើយ។
ប៉ុន្តែចំពោះការចោទប្រកាន់លើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ នេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាទៅលោកស្នងការរង ទទួលផែនការងារធនធានមនុស្ស ដើម្បីអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ លោកវរសនីយ៍ត្រី អ៊ុក សុជាតិ និងលោកអនុសេនីយ៍ទោ ហេង ឡៃហ៊ាន់ នាយរងប៉ុស្តិ៍ មកសួរនាំ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូន ឯកឧត្តមស្នងការ ធ្វើការពិនិត្យសម្រេចជាគោលការណ៍៕






