សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញ​​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តស្ទឹងត្រែង ដែលជាខេត្តភាគ​ឦ​សាន​ប្រទេស​​កម្ពុជា។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម​ទាំង​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ​កាន់​មូល​ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ​២០​២៦។ រាជធានី ខេត្តចំនួន២១រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួប​សំណេះ​សំណាល​រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជ​ធានី​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប​ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ក្រចេះ មណ្ឌលគិរី និងរតនគិរី។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើ​កិច្ច​ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូច​ជា​ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក​ឡើង​ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន​ធាន​ធម្ម​ជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
យោងតាម Fresh AI បានឱ្យដឹងថា ខេត្តស្ទឹងត្រែង ជាខេត្តមួយស្ថិតនៅភាគឦសាន​នៃ​ប្រទេសកម្ពុជា មានព្រំប្រទល់ខាងជើងជាប់ខេត្តពីរនៃប្រទេសឡាវ គឺខេត្តចំប៉ាសាក់ និងខេត្ត​អត្តពឺ មានបណ្តោយព្រំដែនប្រមាណ ២៥៥គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ២៩ ដល់​បង្គោលព្រំដែនលេខ៩៧ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងកើតជាប់​ខេត្តរតន​គិ​រី និងខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ ខេត្តស្ទឹងត្រែង ជាតំបន់ខ្ពង់រាប មាន​វាល​ទំនាប និងភ្នំខ្ពស់ៗនៅទិសឦសាន។
ខេត្តមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ ចំកណ្តាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំ​ប្រ​ទល់​ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆជាតិ និងប្រព័ន្ធជីវៈចម្រុះ។
ខេត្តស្ទឹងត្រែង មានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០ភាគរយ ចែកជា​៦ក្រុង​ស្រុក ៣៤ឃុំសង្កាត់ និង១៣៧ភូមិ មានប្រជាជនសរុប ១៩១.០៧១នាក់ ស្មើនឹង៤៦.០៨៣​គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥ភាគរយ ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។
ប្រជាជនក្នុងខេត្តស្ទឹងត្រែង មានមុខរបរកសិកម្ម ជាង៧៦ភាគរយ ពាណិជ្ជកម្ម៥ភាគរយ សិប្បកម្ម៤ភាគរយ ចិញ្ចឹមសត្វ៣ភាគរយ និងនេសាទ១ភាគរយ។
ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៧៩០ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៨%។
ខេត្តមានផ្លូវជាតិឆ្លងកាត់៣ខ្សែ គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧៨ និងមានផ្លូវ តាមបណ្ដោយព្រំដែនប្រមាណ ១៣៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេ មានស្ពានសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានមេគង្គប្រវែង ១.៧៣១ម៉ែត្រ ស្ពានទន្លេកុងសែនជ័យប្រវែង២៦០ម៉ែត្រ និង​ស្ពាន​កោះទន្សាយសែនជ័យ ប្រវែង២៤០ម៉ែត្រ។
ខេត្តមានទំនប់វារីអគ្គិសនីសេសានក្រោម២ មានអនុភាព៤០០មេហ្កាវ៉ាត់ ដែលបានសម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការនា ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ និងច្រក​ទ្វារ អន្ដរជាតិត្រពាំងក្រៀល-ណងណុកខៀន បានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នាខែ​មក​រា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៊ីស៊ូលីត។
ការអភិវឌ្ឍជាតិ ជំរុញជីវភាពពលរដ្ឋឱ្យល្អប្រសើរជាគោលនយោបាយដ៏អាទិភាពរបស់រាជរដ្ឋា​ភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា តាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបន្តរហូតមកដល់ពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ក្រោយគោលនយោបាយបង្ហាញពីឆន្ទៈដ៏មុះមុតនេះ គ្រប់ខេត្តក្នុងប្រទេសកម្ពុជា ត្រូវ​បានជំរុញកិច្ចអភិវឌ្ឍន៍ ហើយកំពុងទទួលបាននូវមនុញ្ញផលនៃកិច្ចអភិវឌ្ឍន៍នេះ។
ខេត្តស្ទឹងត្រែង ក្រៅពីការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ហើយនោះ នៅក្នុងខេត្តក៏ត្រូវបានរៀប​ចំ​កែលំអសោភ័ណភាព រៀបចំសណ្តាប់ធ្នាប់ផ្សេងៗជាច្រើនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោក សរ សុពុត្រា មកកាន់តួនាទីជាអភិបាលខេត្ត។

១) ការកសាងហេដ្ឋារចនាសម្ព័ន្ធ៖ ខេត្ត បានកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ​គមនា​គមន៍នៅទីប្រជុំជន និងមូលដ្ឋានជនបទ តំបន់ក្បែរព្រំដែន តំបន់សក្តានុពលទេសចរណ៍ និង​ការស្ថាបនាសមិទ្ធផលថ្មីៗ ជាអត្តសញ្ញាណខេត្ត រួមមាន លំហរសាធារណៈ សម្រាប់កុមារ និង​មនុស្ស​ពេញវ័យ ទីលានតេជោ-ធិបតីនិងវេទិកានាគជ័យ ទីស្នាក់ការសមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជាខេត្ត សួនសុវណ្ណភូមិ សួនបវរធិបតីនិងគ្រួសារផ្សោត រង្វង់មូលព្រះភុម្មជ័យ​មង្គល-អូរពងមាន់ ទីសក្ការៈបូជនីយដ្ឋានភ្នំធាតុ សួនតេជោសន្តិភាព សួនស្វាគមន៍រូប​ម្នាស់ទឹក​ឃ្មុំ ផ្លូវថ្មើរជើងជុំវិញអតីតព្រះរាជដំណាក់ អគារបរិច្ចាគឈាមមណ្ឌលនៃក្តីស្រឡាញ់ ផ្លូវថ្មើរ​ជើង​មាត់ទន្លេសេកុង រថយន្តបណ្ណាល័យចល័ត អគាររដ្ឋបាល សាលាស្រុកបុរីអូរស្វាយសែនជ័យ ផ្ទះមុខងារខេត្តស្ទឹងត្រែង រូបសំណាកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត កែលម្អកំពង់ចម្លង​ក្រុងស្ទឹងត្រែង រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនក្នុងមូលដ្ឋាន អគារសម្ភព បន្ទប់​រង់ចាំនៅតាមមណ្ឌលសុខភាពអគារសិក្សាថ្មី បង្គោលភ្លើងបំភ្លឺសាធារណៈក្នុងទីប្រជុំជន​រង្វង់​មូល​ព្រះនរាយណ៍ ស្ថាបនាកំពង់ចម្លង-ផ្សារសហគមន៍ទេសចរណ៍ ស្ពានដែក និងផ្លូវបេតុង​ជា​ច្រើនខ្សែក្នុងទីរួមខេត្ត និងមូលដ្ឋាន។
២) ជំរុញផលិតកម្មកសិកម្ម៖ ជាមធ្យមក្នុងមួយត្រីមាសលទ្ធផលនៃការលក់​ដំឡូងមីស្រស់​នាំ​ចេញ​ក្រៅខេត្ត បាន២២៩ពាន់តោន ដំឡូងមីស្ងួត៧៦ពាន់តោន គ្រាប់ស្វាយចន្ទី៥២ពាន់តោន និងស្វាយកែវរមៀត៩ពាន់តោន ការលក់ស្រូវនាំចូលរោងម៉ាស៊ីនតូច-ធំ ក្នុងខេត្តសរុបជាង​៥​ពាន់​តោន និងការនាំអង្ករលក់នៅផ្សារក្នុងខេត្ត បាន ៣ពាន់តោន។ បរិមាណផល​នេសាទជា​លក្ខណៈគ្រួសារទទួលបាន១.២៦៦តោន។
៣) ការវិនិយោគ៖ ខេត្ត បានលើកកម្ពស់ការទាក់ទាញគម្រោងវិនិយោគផ្នែក​ឯកជនក្នុង​ក្រប​ខ័ណ្ឌ​កម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភូមិភាគឦសាន បច្ចុប្បន្នក្រុមហ៊ុនទទួល​បាន​គោលការណ៍ ៩គម្រោង ក្នុងវិស័យកសិឧស្សាកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹម​សត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជា​មួយក្រុមហ៊ុនវៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។
ចុះបញ្ជីគម្រោងវិនិយោគ មានទុនវិនិយោគជាង៤លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះ​បញ្ជី​ចំនួន ៥គម្រោងវិនិយោគទៀត៕

You might also like