កម្ពុជា ​កំពុងឆ្ពោះទៅរកការផ្គត់ផ្គង់សាច់បានគ្រប់គ្រាន់ដោយខ្លួនឯង ជំនួសឱ្យការនាំចូល

ភ្នំពេញ៖ អ្នកនៅក្នុងឧស្សាហកម្មកែច្នៃម្ហូបអាហារ បានអះអាងថា ដោយមានសន្ទុះគាំទ្រខ្លាំងក្លា​ពីប្រជាពលរដ្ឋ ស្របពេលរាជរដ្ឋាភិបាលធ្វើការរឹតបណ្តឹងការនាំចូលសាច់បង្កកខុសច្បាប់គឺឱកាសល្អសម្រាប់ការពង្រឹកខ្លួន ដើម្បីឈានទៅរកនិរន្តរភាពនៃការផ្គត់ផ្គង់ដោយខ្លួនឯង ជំនួសឱ្យការពឹងផ្អែកពីខាងក្រៅ។
លោក ហ៊ឹង កែវចិត្រា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន អេសវី.ស៊ីវ៉ាយ ខេមបូឌា ដែលជា សត្តឃាតដ្ឋាន និងកែច្នែសាច់មាន់ទៅជាប្រហិត និងហតដក បាន​ឱ្យដឹងថា សហគ្រាសរបស់លោកផលិតកែច្នៃ និង​​ផ្គត់ផ្គង់ចែកចាយនៅតាមផ្សារទំនើបនានានៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយ។
លោកបន្តថា សហគ្រាស​របស់លោកបានចុះកិច្ចសន្យាទិញ-លក់ ជាមួយប្រជាកសិករចិញ្ចឹមមាន់ ដោយធានាការផ្គង់ផ្គង់គ្រប់គ្រាន់តាមតម្រូវការអតិថិជន។ បច្ចុប្បន្ន សត្តឃាតដ្ឋាន របស់លោកមានសមត្ថភាពកាប់មាន់បាន​ចំនួន ៣០តោនក្នុងមួយថ្ងៃ និងសមត្ថភាពកែច្នៃប្រហិត និង​ហតដក បានចំនួន ២តោនក្នុងមួយថ្ងៃ ហើយរំពឹងថាចំនួននេះ នឹងមានកំណើនបន្ថែមទៀតនាពេលនាគត់។
លោកបញ្ជាក់ថា ស្របពេលមានសន្ទុះកើនឡើងនៃការប្រើប្រាស់ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋ និងវិធានការរឹតបណ្តឹងលើការនាំចូលសាច់បង្កកខុសច្បាប់ពីប្រទេសជិតខាងគឺជាឱកាសល្អសម្រាប់ឧស្សាហកម្មកែច្នែចំណីហាហារ ក្នុងការ​ពង្រឹងខ្លួនលើការផលិត និងកែច្នៃ ដើម្បីឈានទៅរកនិរន្តរភាពនៃការផ្គង់ផ្គង់អាហារដោយខ្លួនឯង ជំនួសឱ្យការនាំចូលដែលមិនមានស្ថិរភាព និងសុវត្ថិភាព​។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ BTV ថា នាពេលនេះ កម្ពុជា​មានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្គតផ្គង់នូវតម្រូវការផលិតផលសាច់នៅក្នុងស្រុក​។ ទោះបីយ៉ាងណា កម្ពុជានៅតែមានការនាំចូលប្រភេទសាច់ពិសេស មួយចំនួន ដែលកម្ពុជាមិនទាន់អាចផលិតបាន​ដោយខ្លួនឯង ដើម្បីនូវតម្រូវការពិសេស​ និងដាច់ដោយមួយចំនួន ដូចជា តម្រូវការតាមភោជនីយដ្ឋាន សណ្ឋាគារ ផ្កាយ ៥ ដែលមានតម្រូវការសាច់គោអូស្ត្រាលី ជាដើម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលិតកម្ម​សត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣៣១,៥ពាន់តោន ស្មើនឹង ៩៨% នៃតម្រូវការសរុប ហើយក្រៅពីនោះ បរិមាណ​សាច់​ដែល​ខ្វះ​ខាត​ត្រូវ​បាននាំចូលពីបរទេសបមកបំពេញតម្រូវការបន្ថែមសម្រាប់ម្ហូបអាហារ និងធ្វើ​ជា​វត្ថុ​ធាតុ​ដើម​ផលិត​ចំណីសត្វ លម្អ ដែលបាននាំចូលសាច់សរុបចំនួ​ន ២៩ពាន់តោនប៉ុណ្ណោះ​៕

You might also like