ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង
នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកា សរុបប្រមាណ ៧០០ រូប ។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោក សាន់ យូ អនុប្រធានប្រចាំការស.ស.យ.ក. ខេត្តកំពង់ឆ្នាំង បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ។ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសមាជិក សមាជិកា ខេត្តកំពង់ឆ្នាំង ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្ត ការងារមនុស្សធម៌ផ្សេងៗ ស្របតាមបេសសកម្ម ស្របតាមផែនទីបង្ហាញផ្លូវ និងបុព្វហេតុរបស់ស.ស.យ.ក.។
បន្ទាប់ពីបានស្តាប់របាយការណ៏ពីសកម្មភាពការងារកន្លងមក ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្តៃយ៏ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ ឯកឧត្តម ហេង ពិទូ ជាប្រធានកិត្តិយស និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាប្រធានគណៈកម្មាធិការ ស.ស.យ.ក. ថ្មីប្រចាំខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីទទួលបានការតែងតាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ស្របតាមផែនការសកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ៕






