បង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ក្នុងខុនដូមួយកន្លែង ដោយឃាត់ខ្លួនជនជាតិវៀតណាម ៥នាក់
ជនជាតិវៀតណាមចំនួន ៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនបានសម្រេច ក្រោយរកឃើញថាបានលួចបើកទីតាំងល្បែងអនឡាញខុសច្បាប់។ ប្រតិបត្តិការកម្ចាត់ភាពអសកម្មនេះ បានធ្វើឡើងនៅចំណុចខុនដូមួយកន្លែង ស្ថិតក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់នេះ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមសរុប ៥នាក់។ នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតវត្ថុតាងឧបករណ៍បច្ចេកទេសសម្រាប់បម្រើឲ្យសកម្មភាពល្បែងអនឡាញខុសច្បាប់មួយចំនួន រួមមានកុំព្យូទ័រយួរដៃចំនួន ៥គ្រឿង និងទូរស័ព្ទដៃចំនួន ២គ្រឿង។
ប្រភពដដែលបានបន្តថា ជុំវិញប្រតិបត្តិការនេះ អាជ្ញាធរបានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ម្ចាស់ខុនដូដែលបានចូលរួមសហការយ៉ាងល្អប្រសើរជាមួយសមត្ថកិច្ច ដើម្បីលុបបំបាត់បទល្មើសនៅក្នុងមូលដ្ឋាន។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕






