ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អំឡុងអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរដល់ប្រជាពលរដ្ឋភៀសសឹកដែលបានរៀបចំផ្ទះ និងខិតខំដាំដុះដំណាំប្រកបដោយសោភ័ណភាព រួមជាមួយការរៀបចំមុខរបរលក់ដូរតាមខ្នងផ្ទះ។ បន្ទាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានត្រួតពិនិត្យដំណើរការបន្តសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែមសម្រាប់ប្រជាពលរដ្ឋភៀសសឹកនៅភូមិខាងលើផងដែរ។
ទន្ទឹមនឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលទៅលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានស្ថាបនារួចរាល់ជាប្រយោជន៍ជូនប្រជាពលរដ្ឋភៀសសឹក មិនថា ផ្លូវ ទឹក អគ្គិសនី មណ្ឌលសុខភាព សាលារៀនបណ្តោះអាសន្ន និងផ្សារបណ្តោះអាសន្ន។
ឯកឧត្តម គន់ គីម សង្កេតឃើញ មានមហាជន និង សប្បុរសជនគ្រប់ទិសទី បានបន្តរួមចំណែកចូលរួមជួយជាអំណោយផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និង សមរភូមិក្រោយ។
លើសពីនេះ ឯកឧត្តម គន់ គីម បានសំណូមពរដល់ប្រជាពលរដ្ឋភៀសសឹក បន្តជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តដោះស្រាយការលំបាកទាំងឡាយជូនប្រជាពលរដ្ឋ និងបន្តទាមទារការបាត់បង់ និងការខូចខាតទាំងអស់ ក្នុងជម្លោះព្រំដែន៕






