ចំនួនកុងតឺន័រ ឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ៣១% ក្នុងឆមាសទី១

កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ក្នុងឆមាសទី១ ឆ្នាំ២០២៦ មាន​ប្រមាណ​ជិត​ ៣៤ម៉ឺន ធីអ៊ីយូ(TEU) កើនឡើងជាង ៣១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈ​ចំនួនអ្នកដំណើរឆ្លងកាត់មានប្រមាណជាង ២ម៉ឺននាក់។
សេចក្តីប្រកាសព័ត៌មានរបស់ ក. ស. ភ. ដែលជាអង្គភាពចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) បាន​ឱ្យ​ដឹងថា ចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញ​បាន​ទទួល​នាវាដឹក​ទំនិញ​ឆ្លង​កាត់​ចំនួន ១ ៨៩១ គ្រឿង កើនឡើង ៦,៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ សម្រាប់​កុងតឺន័រឆ្លងកាត់មានចំនួន ៣៣៩ ៦០៦ ធីអ៊ីយូ កើន ៣១,៥៦%, និងបរិមាណទំនិញ-ប្រេង​ឥន្ទនៈ ឆ្លងកាត់ ២ ៨៩៧ ០០០ តោន កើន ១០,០១%។ រីឯនាវាដឹកអ្នកដំណើរ មានចំនួន ២០៩ គ្រឿង កើន ៨,២៩% និងអ្នកដំណើរ ឆ្លងកាត់ ២១ ៤២៦ នាក់ កើនឡើង ៦,៦៧%។
ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២៦ នាវាចូលចតមានចំនួន ៣០៩ គ្រឿង កើន ៤,៧៥% បើ​ធៀបខែមិថុនា ឆ្នាំ២០២៥, កុងតឺន័រ ៦៣ ៤៥៥ ធីអ៊ីយូ កើន ២១,៨៣%, ទំនិញ​ប្រេង​ឥន្ទនៈ​ឆ្លង​កាត់ ៤៨៩ ៤១៣ តោន កើន ៦,៧២%, នាវាដឹកអ្នកដំណើរ ៩ គ្រឿង រក្សាចំនួននៅដដែល និង​អ្នកដំណើរមានចំនួន ៥០១ នាក់ កើន ២៨,១៣%។
កាលពីឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ បានទទួលនាវាដឹកទំនិញឆ្លងកាត់ ៣ ៧៤៦ គ្រឿង កើន​ឡើង ១,៣៥% បើធៀបនឹងឆ្នាំ២០២៤ ដោយឡែក បរិមាណកុងតឺន័រឆ្លងកាត់ ៦០០ ០២៣ ធីអ៊ីយូ កើន ២៤,៩៥% និងបរិមាណទំនិញ-ប្រេងឥន្ទនៈឆ្លងកាត់ ៥ ៦០៦ ៤៩៥ តោន កើន ១៥,៥៩%។ សម្រាប់នាវាដឹកអ្នកដំណើរមានចំនួន ៤១៣ គ្រឿង កើន ៥,៩% និង​អ្នក​ដំណើរ​ឆ្លង​កាត់ ៣៩ ៨០៤ នាក់ កើនឡើង ១០,១១%%៕

You might also like