អាមេរិក-អ៊ីរ៉ង់ កំពុងបន្តវាយប្រហារដាក់គ្នា ខណៈទីក្រុងតេអេរ៉ង់ប្រារព្ធពិធីបញ្ចុះសពលោក Khamenei
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបើកការវាយប្រហារដាក់គ្នាម្តងទៀត ដែលបានបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ៩ កក្កដា សប្ដាហ៍នេះ ខណៈក្រុមអ្នកសង្កេតការណ៍បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួននាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋឈូងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហាររបស់អាមេរិកលើខេត្តនានាតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូង និងភាគខាងកើតរបស់អ៊ីរ៉ង់ ដែលធ្វើឲ្យបទឈប់បាញ់រយៈពេលបីសប្តាហ៍កាន់តែរិចរិល។
ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាច្រើននៅទូទាំងភាគខាងត្បូងអ៊ីរ៉ង់ រួមទាំងទីក្រុង Bushehr ដែលជាទីតាំងមួយនៃរោងចក្រនុយក្លេអ៊ែររបស់ប្រទេសនេះ ព្រមទាំង ទីក្រុង Konarak ទីក្រុង Choghadak និងទីក្រុង Bandar Abbas។អាមេរិកនិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធាចំនួន៩០កន្លែង ដែលមួយចំនួននៅជិតច្រកសមុទ្រ ខណៈអ៊ីរ៉ង់និយាយថា មនុស្ស ១៤នាក់បានស្លាប់ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានរាយការណ៍ផងដែរថា គោលដៅនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ត្រូវបានវាយប្រហារ ដោយដកស្រង់សម្តីអភិបាលរងខេត្ត។ សហរដ្ឋអាមេរិកពុំបានធ្វើអត្ថាធិប្បាយលើការវាយប្រហារចុងក្រោយបំផុតនោះទេ។ប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយរដ្ឋ បានរាយការណ៍ថាអ៊ីរ៉ង់បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូវ៉ែត បារ៉ែន និងកាតា ជាការឆ្លើយតប។ ក្រោយមកនៅថ្ងៃព្រហស្បតិ៍ដដែល ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារបន្ថែមទៀតទៅលើទីតាំងនានានៅក្នុងប្រទេសកូវ៉ែត ហ្ស៊កដានី និងអ៊ីរ៉ាក់ ។
ដោយឡែក ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា ខណៈសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានបញ្ចុះបន្ទាប់ពីពិធីបុណ្យសពរយៈពេលប្រាំមួយថ្ងៃ។ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុង Mashhad នៅភាគឦសាននៃប្រទេសអ៊ីរ៉ង់ ដោយគ្រវីទង់ជាតិអ៊ីរ៉ង់ ខណៈមួយចំនួនកាន់ស្លាកសញ្ញាគំរាមសម្លាប់លោកប្រធានាធិបតីអាមេរិក លោក Donald Trump។គួររម្លឹកថា លោក Khamenei ត្រូវបានសម្លាប់នៅថ្ងៃទី២៨ ខែកុម្ភៈ ២០២៦ ក្នុងអំឡុងពេលម៉ោងដំបូងនៃការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់៕






