ភ្ញៀវជាតិ អន្តរជាតិ នាំគ្នាទស្សនាបូជនីយដ្ឋាននៃការចងចាំ ជំរុញការផ្សព្វផ្សាយសន្តិភាពពីកម្ពុជា ទៅកាន់ពិភពលោក

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ គឺថ្ងៃខួប១ឆ្នាំគត់ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយតាមរយៈ ទិវាខួប១ឆ្នាំនៃការចុះបញ្ជីនេះ គឺបានរួមចំណែកខ្លាំងផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមទស្សនាកម្ពុជា ពិសេសទស្សនា បូជនីយដ្ឋាននៃការចងចាំនេះ។
បើតាមភ្ញៀវ ជាតិ អន្តរជាតិ បានថ្លែងប្រាប់នៅថ្ងៃនេះដែរថា ការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា  ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺពិតជាបានរួមគ្នាចំណែកនៃការផ្សព្វផ្សាយដ៏មានសារសំខាន់បំផុតក្នុងស្មារតីចងចាំជាសកល នូវការគោរពរំលឹកដល់ជនរងគ្រោះទាំងឡាយនៃអតីតកាលដ៏ឈឺចាប់របស់កម្ពុជា ហើយរំពឹងថា បូជនីយដ្ឋាចងចាំនៃកម្ពុជានេះ នឹងក្លាយជាទីតាំងដែលមជ្ឈមណ្ឌលអន្តជាតិទូទាំងពិភពលោក នាំគ្នាមកមើលដោយផ្ទាល់ ដើម្បីសិក្សាស្វែងយល់ដឹងកាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្នុងពេលអតីតកាល និងការប្តូរផ្តាច់ដ៏មុតម៉ាំ ក្នុងការប្រែក្លាយកម្ពុជា ពីទឹកដីវាលពិឃាដ មកជាទឹកដីនៃសន្តិភាព។
សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បច្ចុប្បន្ន។
អំឡុងពេលចុះបញ្ជីនោះដែរ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការយូណេស្កូ ព្រមទាំង ឥស្សរជនទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ហើយបានគាំទ្រសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះតំបន់ទាំងបី រួមមាន៖មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើង សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ និង អតីតមន្ទីរឃុំឃាំង ម-១៣ នៅខេត្តកំពង់ស្ពឺ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូល ជាពិសេស ការចងចាំនិងការការពារសន្តិភាព។

You might also like