ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចំនួន ៨១នាក់ ត្រូវអាជ្ញាធរថៃមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ ពលរដ្ឋខ្មែរចំនួន៨១នាក់ ក្នុងនោះស្រី១៩នាក់ និងកុមារ ១១នាក់ ដែលបានឆ្លងដែនដោយខុសច្បាប់ ត្រូវបានអាជ្ញាធរថៃបញ្ជូន មកកាន់ប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
ការចុះទទួលពលរដ្ឋខ្មែរខាងលើនេះ ត្រូវបានដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីលោកប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ជាមួយគ្នានេះដែរ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានចែកអាហារសម្រន់ រួមមានបាយសាច់ជ្រូក និងទឹកសុទ្ធ ដល់ពលរដ្ឋខ្មែរទាំងអស់នោះ ដោយម្នាក់ៗទទួលបានបាយមួយប្រអប់ និងទឹកសុទ្ធតាមតម្រូវការ។
អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានធ្វើការសម្រង់សាវតារបស់ពលរដ្ឋខ្មែរទាំងនោះទុកនៅអង្គភាព រួចបន្តជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រីនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់៕






