ព្យុះទីហ្វុង Bavi បោកបក់ដល់ភាគខាងកើតប្រទេសចិន អាចបង្កភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនថ្ងៃ

(ប៉េកាំង)៖ នាថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ព្យុះទីហ្វុង Bavi បានធ្វើដំណើរមកដល់ភាគខាងកើតប្រទេសចិន ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ រួមទាំងខ្យល់បក់យ៉ាងខ្លាំង បើទោះបីជាវាបានថយចុះឥទ្ធិពលខ្លះ​ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
វាគឺជាព្យុះដ៏មានឥទ្ធិពលមួយ ដែលបានវាយប្រហារប្រទេសចិន ក្នុងឆ្នាំនេះ។ ព្យុះទីហ្វុង Bavi នៅព្រឹកថ្ងៃអាទិត្យនេះ បានថយចុះថាមពលនៅត្រឹមជា​ព្យុះត្រូពិក ស្របពេលដែលវាបោកបក់មកដល់លើដីគោក ប៉ុន្តែការព្យាករបានព្រមានថា ប្រព័ន្ធព្យុះដែលមានទំហំដ៏ធំមួយនេះ អាចបង្កភ្លៀងធ្លាក់ខ្លាំងទូលំទូលាយ និងអូសបន្លាយយូរ នៅពាសពេញតំបន់ភាគខាងកើតនិងភាគខាងជើងប្រទេសចិន សម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខ។ មនុស្សជិត២លាននាក់ ត្រូវបានជម្លៀស​ចេញទៅកន្លែងមានសុវត្ថិភាព មុនការមកដល់នៃព្យុះ Bavi ហើយភាគច្រើនគឺនៅខេត្ត Zhejiang ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងបច្ចេកវិទ្យា។
កាលពីពេលវាកំពុងឆ្ពោះមករកចិន ព្យុះទីហ្វុង Bavi បានបោកបក់កាត់ភាគខាងជើងកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍។ អាជ្ញាធរតៃវ៉ាន់ បានរាយការណ៍ថា មានមនុស្សចំនួន​១៣៤នាក់រងរបួស ភាគច្រើនដោយសារធ្លាក់ពីលើម៉ូតូ រអិលជើងដួល ឬរងការប៉ះទង្គិចពីវត្ថុផ្សេងៗ ប៉ុន្តែពុំមានការរាយការណ៍អំពីមនុស្សបាត់បង់ជីវិតទេ។ នៅថ្ងៃអាទិត្យនេះ ជើងហោះហើរអន្តរជាតិសរុប១៣៧ជើងនៅតៃវ៉ាន់ ត្រូវបានលុបចោល រួមជាមួយជើងហោះហើរក្នុងស្រុក៦២ជើង។
ការរំខានពីព្យុះ Bavi ក៏បានពង្រីកដល់បណ្តាញដឹកជញ្ជូនរបស់ប្រទេសចិនផងដែរ។ នៅទីក្រុង Hangzhou រដ្ឋធានីខេត្ត Zhejiang ស្ថានីយរថភ្លើង២ធំៗ បានផ្អាកសេវាកម្មទាំងអស់ ហើយជើងហោះហើរ៣២៧ជើង ត្រូវបានលុបចោលនៅអាកាសយានដ្ឋានអន្តរជាតិ Xiaoshan។ ដោយឡែក នៅទីក្រុងសៀងហៃ ជើងធ្វើដំណើរថភ្លើងសរុប១៦២០ជើង និងជើងហោះហើរ៦៨៤ជើង ត្រូវបានលុបចោល។
គួរបញ្ជាក់ថា កន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ប្រទេសចិនអាចប្រឈមជាមួយ អាកាសធាតុអាក្រក់ៗថែមទៀត ក្នុងឆ្នាំនេះ ស្របពេលដែល​ប្រព័ន្ធធាតុអាកាសហៅថា El Nino ត្រូវបានរំពឹងថានឹងលេចឡើង ហើយមានឥទ្ធិពលខ្លាំងមិនធម្មតា ដែលអាចរុញច្រានសីតុណ្ហភាពហក់ឡើងខ្ពស់ ហើយ​កែប្រែគន្លងផ្លូវព្យុះទីហ្វុងសំដៅទៅភាគខាងលិច ឆ្ពោះមករកតំបន់ឆ្នេរភាគខាងកើតរបស់ចិន៕

You might also like