កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តមណ្ឌលគិរី ចុះពិនិត្យករណីសត្វគោងាប់ចំនួន ០៦ក្បាល ស្ថិតនៅទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យ ១កន្លែង ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា

ខេត្តមណ្ឌលគិរី ៖  កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ឈិត សុផល នាយករងរដ្ឋបាលសាលាខេត្ត បានចុះពិនិត្យករណីសត្វគោងាប់ចំនួន ០៦ក្បាល ស្ថិតនៅទីតាំងអាជីវកម្មរ៉ែមាស អនាធិបតេយ្យ ១កន្លែង ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។
បន្ទាប់ពីការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងលម្អិតពីមន្រ្តីជំនាញ រួមមាន៖ មន្រ្តីមន្ទីរបរិស្ថាន មន្រ្តីសុខាភិបាល មន្រ្តីមន្ទីររ៉ែ និងថាមពលខេត្ត និងមន្រ្តីផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ដោយសន្និដ្ឋានថា សត្វគោងាប់ចំនួន ៦ក្បាលនេះ មានរយៈពេល ៤-៥ថ្ងៃកន្លងមក ដោយសង្ស័យបឋមថា ដោយសារ ផឹកទឹកអាងមានផ្ទុកសារធាតុគីមី ដែលហូរចេញពីអាងកិនរ៉ែ នៅតំបន់អនាធិបតេយ្យនេះ។
ក្រុមការងារសមត្ថកិច្ចចម្រុះ បានឯកភាពគ្នា រកវិធីសាស្រ្តជីកកប់សត្វគោងាប់ និងលុបទីតាំងតែម្តង ថែមទាំងបានយកសំណាកទៅពិនិត្យ ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់។ លោក ឈិត សុផល បានបញ្ជាក់ថា បច្ចប្បន្ននេះ កម្លាំងចម្រុះរបស់រដ្ឋបាលខេត្ត កំពុងតែចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានរ៉ែអនាធិបតេយ្យនៅទីតាំងនេះ។
ទន្ទឹមនឹងនេះ ក្នុងនាម កម្លាំងសមត្ថកិច្ចចម្រុះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន កុំលែងសត្វពាហនៈឱ្យដើររកស៊ីជិតតំបន់សង្ស័យ និងត្រូវចូលរួមរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន៕

You might also like