អ្នកទេសចរជាប់នៅភ្នំខ្នងផ្សារដោយសារជំនន់ទឹកភ្លៀង ជួយអន្តរាគមន៍ឱ្យចាកចេញទៅអស់ហើយ
(ភ្នំពេញ)៖ រហូតមកដល់វេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកទេសចរដែលជាប់ដំណើរនៅភ្នំខ្នងផ្សារដោយសារជំនន់ទឹកភ្លៀងនោះ ត្រូវបានជួយអន្តរាគមន៍ឱ្យចាកចេញអស់ហើយ។
នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានកើតឡើងនៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ហើយបង្អាក់ដំណើរអ្នកទេសចរជាច្រើនមិនអាចចាកចេញបាននោះឡើយ។ របាយការណ៍ បានបង្ហាញថា មានអ្នកទេសចរប្រមាណ ៥៥១នាក់ បានជាប់នៅភ្នំខ្នងផ្សារ ដោយសារជំនន់ទឹកភ្លៀងនេះ។
ក្រោយកើតហេតុការណ៍នោះ មន្ត្រីឧទ្យានុរក្សដែលឈរជើងនៅតំបន់នោះ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយអន្តរាគមន៍នាំអ្នកទេសចរមកស្នាក់នៅទីតាំងលំហែបៃតងដំណាក់ដំរី ហើយបានរៀបចំស្បៀងអាហារផ្សេងៗជូនពួកគាត់។
ដល់វេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកទេសចរទាំងអស់ត្រូវបានជម្លៀសចេញទីតាំងដំណាក់ដំរី មកដល់ទីសុវត្ថិភាពក្នុងភូមិតាំងបំពង់។ លើកលែងតែឡានតូចៗចំនួន៤គ្រឿងជាប់នៅដំណាក់ទី១ និងមានភ្ញៀវនៅលើភ្នំខ្នងផ្សាចំនួន៣នាក់មិនទាន់ចុះ។ រីឯស្ថានភាពទឹកនៅតែបន្តឡើង ដោយសារមានភ្លៀងខ្លាំង។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់អ្នកទេសចរទៅលេងតំបន់ភ្នំក្នុងរដូវវស្សាឱ្យមានការប្រុងប្រយ័តឱ្យបានខ្ពស់ ព្រោះរដូវវស្សានៅពេលមានភ្លៀងតាមតំបន់ភ្នំ និងជ្រោះ គឺមានទឹកហូរបុកខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕






