រដ្ឋបាលរាជធានីភ្នំពេញ កែលម្អសួនដើមឈើព្រៃល្វា សម្រាប់ជាទីកម្សាន្ត និងហាត់ប្រាណសាធារណៈ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងត្រៀមកែលម្អសួនដើមឈើមួយកន្លែង ដែលមានផ្ទៃដីជាង ៣ហិកតា ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីប្រែក្លាយជាទីកម្សាន្តសាធារណៈ និងកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋ។ គម្រោងនេះឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ម្ចាស់អំណោយជនជាតិជប៉ុន ដែលបានប្រគល់ទីតាំងនេះជូនរដ្ឋបាលរាជធានី។
កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ និងបានណែនាំឱ្យមានការកែលម្អជាច្រើន។ ក្នុងនោះ រួមមានការដាំដើមឈើបន្ថែម ការកែលម្អបន្ទប់ទឹក និងការលែងត្រីគល់រាំង ត្រីរាជ និងត្រីមួយចំនួនទៀតនៅក្នុងប្រឡាយទឹកដែលមានស្រាប់។ លើសពីនេះ ផ្លូវចូលដែលអមដោយដើមឈើធំៗ នឹងត្រូវចាក់បេតុងទទឹង ៨ ម៉ែត្រ។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ទីតាំងនេះត្រូវរៀបចំឱ្យបានស្អាត និងមានបង់អង្គុយលេង ព្រមទាំងធុងសំរាមគ្រប់គ្រាន់ ដើម្បីធានាបាននូវបរិស្ថានល្អ។ គម្រោងកែលម្អនេះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ហើយក្រោយពេលរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងសម្ពោធដាក់ឱ្យបងប្អូនប្រជាពលរដ្ឋបានចូលមកប្រើប្រាស់ជាផ្លូវការ។
គួររំលឹកថា សួនដើមឈើនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ទទួលពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ ការកែលម្អសួននេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

You might also like