លោក ដូណាល់ ត្រាំ ជូនដំណឹងសភាអាមេរិកជាផ្លូវការថាសង្រ្គាមជាមួយអ៉ីរ៉ង់ផ្ទុះឡើងវិញ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើការជូនដំណឹងជាផ្លូវការទៅកាន់សភាអាមេរិកពីការចាប់ផ្ដើមជម្លោះឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់ កាលពីថ្ងៃទី៧ ខែកក្កដា ហើយនេះជាលិខិតជូនដំណឹងមួយដែលរដ្ឋបាលរបស់លោកសម្លឹងឃើញថានឹងផ្ដល់ឱ្យពួកគេ ពេលវេលា ៦០ថ្ងៃជាថ្មីម្ដងទៀតដើម្បីប្រើប្រាស់កម្លាំងយោធាប្រឆាំងអ៉ីរ៉ង់ដោយមិនចាំបាច់មានការអនុម័តយល់ព្រមជាផ្លូវការ ពីសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ដូណាល់ ត្រាំ នៅក្នុងលិខិតជូនដំណឹងមួយចុះកាលបរិច្ឆេទកាលពីថ្ងៃទី១០ ខែកក្កដា និងដែល Reuters បាននិយាយថារូបលោកបានបញ្ជាឱ្យយោធាអាមេរិកធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់ នៅក្រោមការទទួលខុសត្រូវរបស់លោក ដើម្បីការពារជនជាតិអាមេរិក រួមទាំងសន្តិសុខជាតិ និងផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ លិខិតដដែលក៏បានគូសបញ្ជាក់ផងដែរពីសកម្មភាពរបស់លោក ត្រាំ ក្នុងនោះរួមមានទាំងការបញ្ជាឱ្យមានបទឈប់បាញ់មួយរយៈពេល ២សប្ដាហ៍កាលពីថ្ងៃទី៧ ខែមេសា និងដែលក្រោយមកត្រូវបានពន្យារបន្ថែម ក៏ដូចជាកិច្ចប្រឹងប្រែងនៃរដ្ឋបាលរបស់លោកដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយការទូតមួយដើម្បីបិទបញ្ចប់ជម្លោះ។
គួរបញ្ជាក់ថា ខណៈជម្លោះបានកើនឡើងជាថ្មី លោក ត្រាំ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា បាននិយាយថាសហរដ្ឋអាមេរិកនឹងអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់ដឹកទំនិញធ្វើដំណើរចេញចូលកំពុងផែអ៉ីរ៉ង់ឡើងវិញ ហើយនឹងធានាថាច្រកសមុទ្រនឹងបើកចំហសម្រាប់ការធ្វើនាវាចរដោយសេរី។ រដ្ឋធម្មនុញ្ញអាមេរិកបានចែងថាមានតែសភាប៉ុណ្ណោះ មិនមែនប្រធានាធិបតីនោះទេ ដែលមានអំណាចក្នុងការប្រកាសសង្រ្គាម។ តែទោះជាបែបនេះក្ដី ប្រធានាធិបតីនៅតែមានសិទ្ធិពិសេសក្នុងការបញ្ជាឱ្យធ្វើប្រតិបត្តិការយោធារយៈពេលខ្លីមួយ ដោយមិនចាំបាច់ ស្នើសុំការអនុម័តយល់ព្រមពីសភាជាមុន៕






