អ្នកគាំទ្ររាប់សែននាក់ ស្វាគមន៍ក្រុមជម្រើសជាតិន័រវែស ទោះបីបញ្ចប់ដំណើរនៅវគ្គ៨ ក្រុមចុងក្រោយ World Cup

ប្រជាជនន័រវែសរាប់សែននាក់បានប្រមូលផ្តុំគ្នានៅបរិវេណព្រះបរមរាជវាំង ក្នុងទីក្រុង Oslo កាលពីល្ងាចថ្ងៃចន្ទដើម្បីស្វាគមន៍ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនក្នុងនាមជាវីរបុរស បន្ទាប់ពីត្រឡប់មកពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅសហរដ្ឋអាមេរិក។
ទោះបីន័រវែសបានបរាជ័យក្រោមថ្វីជើងអង់គ្លេសក្នុងលទ្ធផល ២-១ បន្ទាប់ពីការប្រកួតបន្ថែមម៉ោង ដែលធ្វើឱ្យដំណើរប្រវត្តិសាស្ត្ររបស់ពួកគេត្រូវបញ្ចប់ត្រឹមវគ្គ៨ក្រុមចុងក្រោយ និងខកខានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ ប៉ុន្តែអ្នកគាំទ្រនៅតែចេញមកអបអរសាទរក្រុមជម្រើសជាតិយ៉ាងកក់ក្តៅ។
តាមការប៉ាន់ស្មានក្រៅផ្លូវការ មានអ្នកគាំទ្រប្រមាណ ១០០,០០០នាក់ បានមកជួបជុំគ្នានៅខាងមុខព្រះបរមរាជវាំង និងលាតសន្ធឹងតាមបណ្តោយផ្លូវ Karl Johans gate ដែលជាវិថីសំខាន់របស់ទីក្រុង Oslo។
យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធឆ្នើម Erling Haaland មិនបានចូលរួមក្នុងពិធីអបអរសាទរចុងក្រោយនោះទេ ដោយសាររូបគេបានចាកចេញមុនពេលកម្មវិធីបញ្ចប់។ ដូច្នេះ Haaland ក៏ខកខានការចូលរួមជាមួយមិត្តរួមក្រុមក្នុងពិធីអបអរសាទរ “Viking Row” នៅលើជណ្តើរព្រះបរមរាជវាំង ដែលដឹកនាំដោយព្រះអង្គម្ចាស់ Haakon វាយស្គរ រួមជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់ដែលប្រមូលផ្តុំគ្នានៅខាងក្រោម។
បន្ទាប់ពីបញ្ចប់ពិធីនៅព្រះបរមរាជវាំង ក្រុមជម្រើសជាតិន័រវែសបានបន្តដំណើរជួបសំណេះសំណាលជាមួយអ្នកគាំទ្រ តាមរយៈការជិះរថយន្តក្រុងបើកដំបូល ឆ្លងកាត់តំបន់កណ្តាលទីក្រុង Oslo ដើម្បីអបអរសាទរជាមួយប្រជាពលរដ្ឋ៕

You might also like