ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៧ សិង្ហបុរីប្តេជ្ញាបន្តគាំទ្របេសកកម្ម AOT ដើម្បីជំរុញតម្លាភាព សន្តិភាពនិងភាពសុខដុមរមនាពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី Frederick Choo អគ្គលេខាធិការរងទទួលបន្ទុកនយោបាយ នៃក្រសួងការពារជាតិសិង្ហបុរី ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងជំនួប ភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅតាមរយៈការបណ្តុះបណ្តាលធនធាន មនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកព័ត៌មានសន្តិសុខនិងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននិងការធ្វើលំហាត់សមយុទ្ធរួមគ្នា។
ឯកឧត្តម Frederick Choo បានជម្រាបថា សិង្ហបុរីនឹងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៧ ក្នុងនោះ សិង្ហបុរីក៏នឹងមានរៀបចំកិច្ចប្រជុំការពារជាតិនិងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ព្រមទាំងការបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ផងដែរ។
ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថា កម្ពុជាបន្តប្រកាន់ជំហដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ដោយមិនទទួលយកការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែនឡើយហើយឯកឧត្តមអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់សិង្ហបុរីដែលបានគាំទ្របទឈប់បាញ់និងបញ្ជូននាយទាហានមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ានព្រមទាំងស្នើឱ្យបន្តគាំទ្របេសកកម្មនេះដើម្បីធានាការអនុវត្តបទឈប់បាញ់ និងការស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ជាការឆ្លើយតប ឯកឧត្តម Frederick Choo បានវាយតម្លៃខ្ពស់ចំពោះការអត់ធ្មត់និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ហើយបញ្ជាក់ថា សិង្ហបុរីនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងបេសកកម្ម AOT ដើម្បីជំរុញតម្លាភាព សន្តិភាព និងភាពសុខដុមរមនាក្នុងតំបន់៕






