បង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅក្រុងបាវិត

(ស្វាយរៀង)៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ចុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបុរី ឈុនស៊ីង ស៊ីធី ក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិការនេះមានការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ជាលទ្ធផល នៅក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហលើផ្ទះល្វែងចំនួន ៦ខ្នង អាជ្ញាធរបានរកឃើញជនបរទេសសរុបចំនួន ១៧ នាក់ ដែលមានជនជាតិចិនចំនួន ១៥ នាក់ និងជនជាតិវៀតណាមចំនួន ២ នាក់ ដោយពួកគេសុទ្ធតែមានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវតាមផ្លូវច្បាប់។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានបង្ក្រាបទីតាំងផ្ទះលេខ DL06 ដែលជាទីតាំងសង្ស័យខ្លាំងក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ រួមមានជនជាតិចិន ១ នាក់ និងស្ត្រីជនជាតិខ្មែរ ២ នាក់។
ក្រុមការងារបានដកហូតវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រយួរដៃចំនួន ៤ គ្រឿង ទូរសព្ទដៃផ្ទាល់ខ្លួនចំនួន ៦ គ្រឿង ទូរសព្ទដៃចម្រុះចំនួន ១៣ គ្រឿង ម៉ូតូម៉ាក Honda Scoopy ចំនួន ២ គ្រឿង និងលិខិតឆ្លងដែនចំនួន ១ ក្បាល។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
ចំណែកទីតាំងកើតហេតុខាងលើត្រូវបានក្រុមការងារចម្រុះសម្រេចបិទជាបណ្តោះអាសន្ន ដើម្បីសម្របសម្រួលតាមចំណាត់ការច្បាប់។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕

You might also like