World CUP៖ សម្តេចតេជោ ហ៊ុន សែន ជ្រើសយកអង់គ្លេស

(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនារាត្រីនេះ គឺជាជំនួបរវាងក្រុមតោកំណាចរបស់អង់គ្លេស និងពពកសអាហ្សង់​ទីន ដណ្តើមយកកៅអីឡើងទីវគ្គផ្តាច់ព្រ័ត្រ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញលើបណ្តាញសង្គមហ្វេសប៊ុកថា ការប្រកួតយប់​នេះ សម្តេចចាប់យកអង់គ្លេស ហើយដៃគូរបស់សម្តេចយក​អាហ្សង់​ទីន។

ជាមួយនឹងការប្រកាសពីការចាប់យកក្រុមអង់គ្លេស សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីការប្រកួតរវាងបារាំង និងអេស្ប៉ាញដែរ។ សម្តេចតេជោ បានបញ្ជាក់ថា បាល់ទាត់យប់មុិញរវាងបារាំងជាមួយ​អេស្ប៉ាញ មិនខុសគ្នាជាមួយរឿងបុរសម្នាក់ដែលលេងមាន់​ជល់​នោះទេ។

សម្តេចតេជោ បានដំណាលថា បុរសម្នាក់ពូកែលេងមាន់ជល់​ គាត់​តែងយកមាន់គាត់ទៅជល់ភ្នាល់ជាមួយមាន់អ្នកផ្សេងទៀត តែគាត់​មិនដែលចាក់ខាងមាន់គាត់ទេ គាត់បែជាចាប់យក និងចាក់​មាន់​អ្នក​ផ្សេងទៀត។ ទីបំផុតគាត់ គឺជាឈ្នះព្រោះគាត់ដឹងថា មាន់ដែល​គាត់ជល់ មិនឈ្នះមាន់ម្ខាងទៀតទេ។

សម្តេចតេជោបន្តថា រឿងបាល់ទាត់ពិភពលោករវាងបារាំង និង​អេ​ស្ប៉ាញយប់កន្លងទៅ មនុស្សនៅលើពិភពលោកច្រើនណាស់ ដែល​គាំទ្របារាំង តែស្ងាត់ៗទៅចាក់ និងគាំទ្រអេស្ប៉ាញ ព្រោះគេពិនិត្យ
ឃើញប្រវត្តិប្រកួតរវាងបារាំង ជាមួយ​អេស្បាញភាគច្រើន ​អេ​ស្ប៉ាញ ជាអ្នកឈ្នះ។

សម្រាប់ករណីសម្តេចវិញ គឺសម្តេចគាំទ្របារាំងពិតប្រាកដ តែ​ដោយ​សារដៃគូរប្រកួតរបស់សម្តេច មាន​សិទ្ធិជ្រើសរើសមុន គាត់​រើសយកបារាំង ដូចនេះគាត់ប្រគល់អេស្ប៉ាញ ជូនទៅសម្តេចដូច​ជា​ប្រគល់​ជ័យជម្នះជូនសម្តេចដូចគ្នាដែរ។

សម្រាប់ការប្រកួតនៅយប់នេះ រវាងអង់គ្លេស និងអាហ្សង់ទីន ដៃ​គូ​របស់សម្តេច បានរើសមុន ដោយយកអាហ្សង់ទីន និងទុក​អង់​គ្លេស​​ជូនសម្តេច។ សម្តេចបានបង្ហើបថា ដៃគូសម្តេច ជាមនុស្ស​ស្រួល ឱ្យតែសម្តេច​សរសើរក្រុមណា ដៃគូសម្រេចយកក្រុមនោះ​ទោះសម្តេចនិយាយប្រាប់ថាបាល់មូលក៏ដោយ។

សម្តេចតេជោ បានបញ្ជាក់ដែរថា មកដល់ពេលនេះ សម្តេចឈ្នះ​១១ប្រកួត ដោយ៦ប្រកួតសម្តេចជាអ្នករើសមុន និង៥​ប្រកួត​​ទៀត ដៃគូសម្តេចជាអ្នករើសមុន៕

You might also like