World Cup 2026៖ អាហ្សង់ទីន វាយបកឈ្នះអង់គ្លេស ២-១ ចុងម៉ោងឡើងផ្តាច់ព្រ័ត្រប៉ះអេស្ប៉ាញ ដណ្តើមពានចុងសប្តាហ៍នេះ

(បរទេស)៖ ក្រុមការពារតំណែងជើងឯក ពពកសអាហ្សង់ទីន បានវាយបកឈ្នះតោកំណាចអង់គ្លេស ២-១ បញ្ចប់វគ្គ ៤ក្រុមចុងក្រោយ ដើម្បីឡើងប៉ះអេស្ប៉ាញ ប្រជែងពានជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2026 នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ។
ក្រុមមកពីតំបន់អាមេរិកឡាទីនមួយនេះ បានធ្វើវាយបក និងយកឈ្នះក្រុមនៅអឺរ៉ុប អង់គ្លេស ២-១ ត្រឹមនៅសល់ ៥នាទីដល់ម៉ោងបញ្ចប់ទៅហើយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលប្រធានក្រុម Lionel Messi បានបញ្ជូនបាល់ឱ្យ Enzo Fernandes ស៊ុតគ្រាប់តាមស្មើនៅនាទី៨៥។
ជំនួបដ៏តានតឹងឈានដល់នាទី៩០+២ Messi ដដែលបានបញ្ជូនបាល់ឱ្យ Lautaro Martinez រកបានគ្រាប់ជ័យជម្នះ ២ទល់នឹង១ តែម្តង បន្ទាប់ពី Anthony Gordon រកបានគ្រាប់នាំមុខឱ្យក្រុមរបស់លោក Thomas Tuchel សញ្ជាតិអាល្លឹម៉ង់តាំងតែពីនាទី៥៥ មក។
តាមរយៈលទ្ធផលចាញ់នេះដែរ វាបន្តផ្តល់ការខកចិត្តដល់តោកំណាចអង់គ្លេស នៃការទន្ទឹងរង់ចាំពាន World Cup ក្នុងរយៈពេល ៦០ឆ្នាំមកនេះ គិតចាប់តាំងពីឈ្នះលើកដំបូងកាលឆ្នាំ១៩៦៦ ក្នុងទឹកដីរបស់ខ្លួន។ ពួកគេត្រូវប៉ះមាន់គកបារាំង ក្រុមចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ នារាត្រីថ្ងៃសៅរ៍ ទី១៨ ខែកក្កដា។
ចំណែកឯអាហ្សង់ទីនវិញ ត្រូវឡើងទៅប៉ះគោជល់អេស្ប៉ាញ ក្រុមខ្លាំងនៅតំបន់អឺរ៉ុប ក្នុងការប្រជែងយកពាន World Cup 2026 ជំនាន់ទី២៣ នៅទឹកដីសហរដ្ឋអាមេរិកនារាត្រីម៉ោង ២រំលងអាធ្រាត្រឆ្លងចូលព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)។ ពួកគេសំឡឹងឈ្នះ World Cup គម្រប់លើកទី៤ ដើម្បីតាមស្មើកំណត់ត្រាអាល្លឺម៉ង់ និងអ៉ីតាលី គ្រាដែលអេស្ប៉ាញ ព្យាយាមឈ្នះជាលើកទី២ ដើម្បីតាមស្មើអ៊ុយរុយហ្គាយ និងបារាំង ក្រោយឈ្នះលើកដំបូងកាលឆ្នាំ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូង៕

You might also like