ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង

នាថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យជាក់ស្តែងនូវទីតាំងប្រព័ន្ធធារាសាស្ដ្រសំខាន់ៗមួយចំនួន ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រៃវែង។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្ដមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យជាក់ស្តែងនូវទីតាំងសំខាន់ៗ រួមមាន៖ ទី១. ស្ថានីយបូមទឹកទី១ នៃប្រព័ន្ធស្រោចស្រពវ៉ៃគោជំហានទី១ ទី២. ប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក នៃស្ថានីយបូមទឹកទាំង ៦ទីតាំង ទី៣. ស្ថានភាពទឹកនៅក្នុងអាងទឹកទំនប់ប្រមូលដុំ និងទី៤. អាងទឹកបឹងកំពិត។
តាមប្រសាសន៍របស់ឯកឧត្តមរដ្ឋលេខាធិការ គិតមកដល់បច្ចុប្បន្ននេះ ការងារបង្កបង្កើនផលស្រូវវស្សាក្នុងឆ្នាំ២០២៦ ក្នុងខេត្តព្រៃវែង អនុវត្តបាន ៦៩,០១% ហើយ គឺស្មើនឹង ២០៧ ០២៨ ហិកតា នៃផែនការសរុប ៣០០ ០០០ ហិកតា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំមន្ទីរខេត្តព្រៃវែង ត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងពីបាតុភូត El Niño ដែលបង្កឱ្យមានកូនរដូវប្រាំងអូសបន្លាយ និងការកើនឡើងកម្ដៅ តាមការព្យាករបស់ក្រសួង WMO និង NOAA។ ទន្ទឹមនឹងនេះ មន្ទីរត្រូវណែនាំសហគមន៍កសិករប្រើប្រាស់ទឹក ឱ្យផ្អាកការធ្វើស្រែលើសផែនការ និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ព្រមទាំងចាត់វិធានការរក្សាទឹកទុកក្នុងអាង និងត្រៀមចុះអន្តរាគមន៍បូមសង្គ្រោះស្រូវក្នុងករណីខ្វះខាតទឹក៕

You might also like