ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យការរៀបចំជីវភាព និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យការរៀបចំជីវភាពរស់នៅ និងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងការរៀបចំជីវភាពរស់នៅ ព្រមទាំងថែទាំផ្ទះ និងរៀបចំដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន មានទាំងដំណាំ ជាច្រើន រួមមាន ដំឡូងមី ពោត សណ្តែកគួរជាដើម និងដំណាំរួមផ្សំជាច្រើនទៀត។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ការដាំដុះដំណាំទាំងអស់នេះ នឹងហុចផលសម្រាប់ប្រជាពលរដ្ឋភៀសសឹក ទាំងការលក់ដូរចិញ្ចឹមជីវិត និងការទទួលទានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ចំពោះប្រជាពលរដ្ឋភៀសសឹក ដែលបានរៀបចំលំនៅឋាន និងអនុវត្តសកម្មភាពកសិកម្ម គឺជាការចូលរួមកម្មវិធីប្រកួតប្រជែង “ផ្ទះស្អាត” របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក៏ជាគាំទ្រការវាយតម្លៃ និងជំរុញការរៀបចំបរិស្ថានរស់នៅឱ្យមានភាពស្អាត សណ្តាប់ធ្នាប់ និងការអនុវត្តកសិកម្មតាមគ្រួសារ ស្របតាមទិសដៅលើកកម្ពស់អនាម័យ បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក៕






