អគ្គិភ័យសង្ស័យផ្ទុះធុងហ្គាសឆេះចង្ក្រានបាយក្នុងហាង «អានណាហ្វី» ស្ថិតតាមបណ្ដោយផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីអគ្គិភ័យមួយ ដែលសង្ស័យបណ្ដាល មកពីការធ្លាយធុងហ្គាស បានបង្កជាអណ្ដាតភ្លើងឆាបឆេះចង្ក្រានបាយនៅក្នុងហាងមួយមានយីហោ «អានណាហ្វី» បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងធ្វើឱ្យកម្លាំងជំនាញពន្លត់អគ្គិភ័យចេញរថយន្តទៅអន្តរាគមន៍ភ្លាមៗ ដើម្បីទប់ស្កាត់មិនឱ្យភ្លើងរាលដាលទៅកាន់អគារនៅក្បែរខាង។
កម្លាំងសមត្ថកិច្ច និងក្រុមពន្លត់អគ្គិភ័យបានចុះអន្តរាគមន៍ទាន់ពេលវេលា ដោយគ្រប់គ្រងស្ថានការណ៍បានយ៉ាងឆាប់រហ័ស មិនឱ្យអគ្គិភ័យរាលដាលទៅកាន់លំនៅឋាន និងអាជីវកម្មជាប់ខាង។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីកំណត់មូលហេតុពិតប្រាកដនៃការឆាបឆេះនេះ។
អាជ្ញាធរជំនាញក៏អំពាវនាវឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវត្រួតពិនិត្យប្រព័ន្ធហ្គាស ទុយោ វ៉ាល់បិទបើក និងឧបករណ៍ប្រើប្រាស់ឱ្យបានទៀងទាត់ ព្រមទាំងត្រៀមបំពង់ពន្លត់អគ្គិភ័យ និងអនុវត្តវិធានការសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយហានិភ័យ និងការពារគ្រោះមហន្តរាយដែលអាចកើតឡើងដោយមិននឹកស្មានដល់៕






