អណ្តូងទឹកប្រើដោយប្រព័ន្ធស្វ័យប្រវត្តិសូឡា កំពុងជួយឱ្យប្រជាសហគមន៍នៅខេត្តពោធិ៍សាត់ មានទឹកស្អាតប្រើប្រាស់ និងមិនបាច់ចំណាយថវិកា
ពោធិ៍សាត់៖ អណ្តូងទឹកធំចំនួន២ ស្ថិតនៅភូមិ បាដេស ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ដែលផ្តល់ទឹកចំណុះ១ម៉ឺនលីត្រ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកភ្នំសំកុស កំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ទឹកដោយមិនត្រូវចំណាយថវិកាទិញទឹកប្រើប្រាស់ជាប្រចាំថ្ងៃ។
ប្រជាពលរដ្ឋរស់នៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៦ខែកក្កដានេះ បានប្រាប់BTVថា អណ្តូងទឹកដែលទទួលបានតាមរយៈគម្រោងរេដបូកនេះកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រើប្រាស់របស់ប្រជាសហគមន៍។វាបានជួយឱ្យមានទឹកស្អាតប្រើប្រាស់មិនជួបការលំបាកទៀតឡើយ ពិសេសមានទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍។ពលរដ្ឋបន្តថា អណ្តូងទឹកនេះ បានជួយសម្រាលការលំបាកពិសេសនៅរដូវប្រាំងមិនចាំបាច់ត្រូវទិញទឹកប្រើប្រាស់ ឬដើររកទឹកដូចមុនទៀតឡើយគឺមានត្រឹមអណ្តូងទឹកមួយនេះអាចប្រើប្រាស់ច្រើនគ្រួសារ។
លោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា អណ្តូងទឹកបែបថ្មីបង្កប់ដោយបច្ចេកវិទ្យាតាមរយៈគម្រោងរេដបូក (REDD+) បានសាងសង់អណ្តូងទឹកស្អាតដើរដោយប្រព័ន្ធស្វាយប្រវត្តិសូឡា ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធនធានធម្មជាតិ។អណ្តូងទឹកស្អាតចំនួន២កន្លែងនៅភូមិ តាដេសដោយក្នុងនេះមួយបានកសាងឡើងក្នុងឆ្នាំ ២០២៣ និងមួយទៀតកសាងឡើងក្នុងឆ្នាំ ២០២៥ ។ហើយអណ្ដូងទឹកនេះ បានផ្តល់ផលប្រយោជន៍ និងការផ្លាស់ប្តូរជាវិជ្ជមាន យ៉ាងធំធេងដល់ក្រុមគ្រួសារអ្នកភូមិជាង៦០គ្រួសារ ដែលជាជនជាតិដើមភាតិចព័រ និងជងនៅក្នុងតំបន់ដាច់ស្រយាល។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា អណ្តូងទាំងនេះជួយកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ ដូចជាការចំណាយលើប្រេងឥន្ធនៈ ការថែទាំសុខភាពព្រោះធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ទ្រទ្រង់ដល់ការដាំដុះនិងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ លើសពីនេះវាជាថាមពលស្អាតឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដែលមធ្យោបាយនេះ រួមចំណែកដល់យុទ្ធសាស្រ្តប្រែក្លាយសហគមន៍អព្យាក្រឹតកាបូនទៅថ្ងៃអនាគត។
គួរបញ្ជាក់ដែរថា គម្រោងរេដបូក (REDD+) គឺជាយន្តការអន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងដើម្បី កាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ ពីការសឹករិចរឹល និងបាត់បង់ព្រៃឈើ។ នៅក្នុងប្រទេសកម្ពុជា ថវិកាដែលទទួលបានពីការលក់ឥណទានកាបូន (Carbon Credits) តាមរយៈគម្រោងនេះ ត្រូវបានយកមកប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ ដើម្បីការពារបរិស្ថាន និងការគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន៕






