ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា៖ ស្រ្តី ដែលមានកុមារតូចៗដើរនៅតាមចិញ្ចើមថ្នល់ មិនមែនជាជនជាតិរុស្ស៊ីឡើយ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថានទូតរុស្ស៊ី ប្រចាំនៅកម្ពុជា បានឆ្លើយតបចំពោះព័ត៌មានមួយចំនួន ដែលបានផ្សាយអំពីស្រ្តីអនាថា ដែលមានកុមារតូចៗដើរជាមួយ និងនៅតាមសំយ៉ាបផ្ទះរបស់គេក្នុងរាជធានីភ្នំពេញ មិនមែនជាជនជាតិរុស្ស៊ី ដូចការផ្សាយរបស់សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយនោះឡើយ។ ផ្ទុយទៅវិញស្រ្តីរូបនេះ គឺជាពលរដ្ឋមកពីប្រទេសតួកមេនីស្ថាន ដែលរស់នៅក្នុងភ្នំពេញតាំងពីឆ្នាំ២០១៩មក ហើយពួកគេគ្មានសញ្ជាតិនៃសហព័ន្ធរុស្ស៊ីទេ។
ដោយមានការសម្របសម្រួលផ្នែកព័ត៌មានពីស្ថានទូតរុស្ស៊ី និងសមាគមអតីតនិស្សិតកម្ពុជាពីសហភាពសូវៀត និងរុស្ស៊ី បានបញ្ជាក់ថា ស្ថានភាពជាក់ស្តែងរបស់គ្រួសារខាងលើ៖ ផ្អែកតាមព័ត៌មានលម្អិតដែលទទួលបានពី លោកឪពុក រ៉ូម៉ាំង (Roman) នៃព្រះវិហារអរតូដុក (Orthodox Church) ដែលជាអ្នកក្តាប់ប្រវត្តិគ្រួសារនេះច្បាស់ជាងគេ ស្ថានភាពពិតប្រាកដមានដូចខាងក្រោម៖
– ស្ត្រីជាម្តាយ និងកូនស្រីច្បង (ដែលចេះនិយាយភាសាខ្មែរ)៖ ពួកគាត់គឺជា ពលរដ្ឋនៃប្រទេសទួរគមេនីស្ថាន (មិនមែនជាពលរដ្ឋនៃសហព័ន្ធរុស្ស៊ីឡើយ)។ ពួកគាត់បាននិងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាហួសទិដ្ឋាការ (មិនស្របច្បាប់) ចាប់តាំងពីឆ្នាំ២០១៩ មក។
– កូនពៅ (តូចបំផុត)៖ កុមារនេះបានកើតនៅលើទឹកដីកម្ពុជា ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានឯកសារផ្លូវការ សូម្បីតែសំបុត្រកំណើត និងមិនទាន់មានសញ្ជាតិណាមួយនៅឡើយទេ ដែលជាហានិភ័យនៃស្ថានភាពគ្មានរដ្ឋ (Statelessness)។
– កូនកណ្តាល៖ តាមប្រភពព័ត៌មាន កុមារនេះមិនមែនជាកូនបង្កើតរបស់ស្ត្រីខាងលើឡើយ។ ម្តាយបង្កើតរបស់កុមារនេះជាជនជាតិខ្មែរ និងឪពុកជាជនជាតិវៀតណាម ប៉ុន្តែត្រូវបានស្ត្រីជាជនជាតិទួរគមេនីស្ថានខាងលើ (ឈ្មោះ វិកតូរីយ៉ា) យកមកចិញ្ចឹមបីបាច់ថែរក្សាតាំងពីទារក ដោយគ្មានឯកសារគតិយុត្តិ ឬលិខិតស្នាមស្មុំកូនស្របច្បាប់ណាមួយឡើយ ហើយកុមារនេះក៏គ្មានឯកសារសម្គាល់ខ្លួនអ្វីទាំងអស់។
ជាមួយគ្នានេះសមាគមអតីតនិស្សិតកម្ពុជាពីសហភាពសូវៀត និងរុស្ស៊ី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងអ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាជៀសវាងការបញ្ចេញមតិរិះគន់ បង្កការរើសអើង ឬការសន្និដ្ឋានណាមួយដែលគ្មានមូលដ្ឋានច្បាប់។ ករណីនេះជាបញ្ហាមនុស្សធម៌ដ៏ស្មុគស្មាញ និងប៉ះពាល់ដល់អនាគតរបស់កុមារតូចៗ ដែលទាមទារឱ្យមានការដោះស្រាយដោយយកចិត្តទុកដាក់ និងដោយសន្តិវិធីបំផុត ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ៕






