ខេត្តមណ្ឌលគិរី បិទមហោស្រពសិល្បៈចម្រៀងសម័យ និងម្ហូបអាហារ ឆ្នាំ២០២៦ ក្រោមប្រធានបទ អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ
ខេត្តមណ្ឌលគិរី ៖ នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទ «មហោស្រពសិល្បៈចម្រៀងសម័យ និងម្ហូបអាហារ ឆ្នាំ២០២៦» ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំង យុវជន និងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីឈានទៅសម្រេចគោលនយោបាយជាតិ «អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ» ស្របតាមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវអនុសាសន៍ និងមតិផ្តាំផ្ញើដ៏មានតម្លៃចំនួន ៣ចំណុច៖ ១. ចំពោះបងប្អូនបេក្ខជនដែលទទួលបានជ័យលាភី ត្រូវបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍មហោស្រពនានា ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ដើម្បីដណ្តើមជ័យលាភីជូនខេត្ត និងកិត្តិយសផ្ទាល់ខ្លួន។ ២. ចំពោះបេក្ខជនដែលមិនទទួលបានជ័យលាភី៖ សូមកុំអាក់អន់ស្រពោនចិត្ត ត្រូវបន្តខិតខំប្រឹងប្រែងព្យាយាមដុសខាត់សមត្ថភាពសម្រាប់ឱកាសក្រោយៗទៀត ព្រោះមន្ទីរវប្បធម៌នឹងរៀបចំមហោស្រពបែបនេះជារៀងរាល់ឆ្នាំ។ ៣. ចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវបន្តចូលរួមបង្កលក្ខណៈងាយស្រួល និងបើកឱកាសឱ្យកាន់តែទូលំទូលាយដល់យុវជនដែលមានចំណាប់អារម្មណ៍លើវិស័យនេះ បានបញ្ចេញសមត្ថភាពឱ្យកាន់តែមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
លោក សុខ ទីឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការផ្សព្វផ្សាយជ្រើសរើសបេក្ខជនត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ជាលទ្ធផល មានបេក្ខជន-បេក្ខនារីមកដាក់ពាក្យប្រកួតប្រជែងចំនួន ១៣នាក់ (ស្រី ០១នាក់) លើវិញ្ញាសាចម្រៀងសម័យ ចាប់ពីទសវត្សរ៍ទី៦០ មកដល់បច្ចុប្បន្ន។
លោកបន្តថា ការកាត់សេចក្តី និងផ្តល់ពិន្ទុត្រូវបានធ្វើឡើងដោយគណៈកម្មការបច្ចេកទេសចម្រុះមកពីមន្ទីរទេសចរណ៍ មន្ទីរព័ត៌មាន និងមន្ទីរវប្បធម៌ ប្រកបដោយតម្លាភាព និងយុត្តិធម៌ខ្ពស់ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗ។ ជាទីបញ្ចប់នៃកម្មវិធី គណៈអធិបតីបានផ្តល់កិត្តិយសប្រគល់រង្វាន់ជូនដល់បេក្ខជនជ័យលាភីទាំង ៥ ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល ក្នុងការរួមចំណែកលើកកម្ពស់សិល្បៈតន្ត្រី និងសក្តានុពលវប្បធម៌ម្ហូបអាហារនៅក្នុងខេត្តមណ្ឌលគិរី៕






