បញ្ជូនជនសង្ស័យ១៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស, ទទួលផលចោរកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ): នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវលើករណីលួចម៉ូតូ ដែលប្រព្រឹត្តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងប្រព្រឹត្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត របស់ជនរងគ្រោះឈ្មោះ ស៊ីន ផល្លីន ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងជនរងគ្រោះឈ្មោះ ហឿន កញ្ញា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វេីការស្រាវជ្រាវតាមរយៈប្រព័ន្ធGPS ដែលបំពាក់នៅលើម៉ូតូរបស់ជនរងគ្រោះដែលបានបាត់ខាងលើ នៅចំណុចផ្ទះមួយល្វែង ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ប្រព័ន្ធGPSបានផ្តល់សញ្ញាខណៈពេលនោះ គឺមានក្រុមជនសង្ស័យជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅទីនោះបានព្យាយាមរត់គេចខ្លួន តែកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដេញបង្រ្កាប និងធ្វើការឃាត់ជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន១៣នាក់ ក្នុងនោះមាន៖ ១.ឈ្មោះ សំ ថេត ហៅក្រៅ ប៉ី ភេទប្រុស អាយុ២០ឆ្នាំ, ២.ឈ្មោះ ទូច សេងហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ, ៣.ឈ្មោះឈុំ ប៊ុនទុំ ភេទប្រុស អាយុ២៩ឆ្នាំ, ៤.ឈ្មោះ យ៉េ ចំរ៉ុង ហៅក្រៅ ប៉ាវ ភេទប្រុស អាយុ២៥ឆ្នាំ, ៥.ឈ្មោះ តឹង វាសនា ភេទប្រុស អាយុ៤២ឆ្នាំ,៦.ឈ្មោះ សុខុម សីហា ភេទប្រុស អាយុ២៧ឆ្នាំ, ៧.ឈ្មោះ ម៉េង ចន្ថា ហៅក្រៅ អយ ភេទប្រុស អាយុ២៦ឆ្នាំ, ៨.ឈ្មោះ លីម កា ភេទប្រុស អាយុ១៨ឆ្នាំ៩.ឈ្មោះ ម៉ៃ ដារិទ្ធ ហៅក្រៅ អាគល់ ភេទប្រុស អាយុ២៤ឆ្នាំ,១០.ឈ្មោះ ណាត ស៊ីនេត ហៅក្រៅ ពេ ភេទប្រុស អាយុ១៧ឆ្នាំ , ១១.ឈ្មោះ ម៉ាត់ លីម៉េង ភេទប្រុស អាយុ២៤ឆ្នាំ,១២.ឈ្មោះ សុខ ភ័ត្ត្រាភេទប្រុស អាយុ២៥ឆ្នាំ ១៣.ឈ្មោះ ពេន ស្រីលាប ភេទស្រី អាយុ២១ឆ្នាំ ព្រមទាំងចាប់យកវត្ថុតាងរួមមាន ៖ ១-ម៉ូតូ ចំនួន៦គ្រឿង(២គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ ,៤គ្រឿង រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវរកម្ចាស់) រួមនឹងវត្ថុតាងប្រព្រឹត្តបទល្មេីសមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ព្រមទាំងបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យខាងលើទាំងអស់ដើម្បីរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ពិនិត្យឃើញមានភាពស៊ីសង្វាក់ និងមានតម្រុយពិរុទ្ធភាពនៃបទល្មើសពាក់ព័ន្ធករណី លួចស្ថានទម្ងន់ទោស ទទួលផលចោរកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យទាំង១៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






