ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧
វិមាន៧មករា៖ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈ កម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសប្រធានយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ ។
ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្ស គ.២៧,ឯកឧត្តមអនុប្រធានគណ:ប្រចាំការ, ឯកឧត្តមសមាជិកគណៈប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ , ឯកឧត្តមសមាជិកយុវជនគណៈបក្សថ្នាក់កណ្តាល និងសមាជិក សមាជិកាយុវជនគណបក្សសរុបប្រមាណ ១៥៣ រូប។
ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា សមាជិកគណៈកម្មាធិការ កណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្ស គ.២៧ ក៏បានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនដល់សមាជិក សមាជិការ ជាយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកបក្ស ត្រូវតែមានស្មារតីបក្សនៅក្នុងខ្លួនជាប់ជាប្រចាំ មិនមែនមានស្មារតីបក្សនៅពេលពាក់អាវគណបក្សនោះទេ សុំឱ្យមានជារៀងរហូតនៅក្នុងខ្លួនរបស់យើងម្នាក់ ទើបក្លាយជាកោសិកា ជាឈាមជ័ររបស់បក្ស ក្នុងការបន្តវេនដឹកនាំគណបក្ស និងដឹកនាំជាតិទៅថ្ងៃអនាគត។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងក្នុងពិធីប្រកាសប្រធានយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ ថាមន្ត្រីគណបក្សត្រូវព្យាយាមស្វែងយល់ សិក្សារៀនសូត្របន្ថែមពិសេសលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គោលនយោបាយ សេចក្តីសម្រេចនានា រួមទាំងប្រវត្តិសកម្មភាព ស្នាដៃ សមិទ្ធផល និងគុណនូប្បការៈ របស់គណបក្សចំពោះជាតិ និងប្រជាពលរដ្ឋ។ តែផ្ទុយទៅវិញបើយើងជាសមាជិកគណបក្ស ជាកោសិកាបក្ស មិនបានយល់ពីគោលបំណងរបស់គណបក្សនោះយើងនឹងមិនអាចចូលរួមដឹកនាំគណបក្ស និងដឹកនាំប្រទេសជាតិ ទៅថ្ងៃអនាគតបាននោះទេ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងថា៖ យើងទាំងអស់គ្នានៅទីនេះជាយុវជនគំរូ ដែលមានរចនាសម្ព័ន្ធចាត់តាំងត្រឹមត្រូវ ត្រូវតែស្វែងយល់ឱ្យច្បាស់អំពីរចនាសម្ព័ន្ធរបស់គណបក្ស សំដៅឈានទៅបង្កើនទាំងបរិមាណ និងគុណភាពសមាជិកគណបក្ស ដើម្បីឈ្នះឆ្នោត។
ឯកឧត្តមណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកបក្សប្រជាជនកម្ពុជា អ្វីដែលត្រូវដឹងមុនគេ នោះគឺធម្មនុញ្ញរបស់បក្ស លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ដែលជាច្បាប់កំពូលរបស់បក្ស និងបានរំលេចយ៉ាងច្បាស់នៅក្នុងនោះគ្រប់ខ្លឹមសារទាំងអស់ ជាពិសេសតួនាទី ភារកិច្ចរបស់គណបក្ស។ ហើយមកដល់ឆ្នាំ២០២៦នេះ គណបក្សប្រជាជនកម្ពុជា មានអាយុ៧៥ឆ្នាំហើយ ចាប់ពីថ្ងៃបង្កើតគណបក្សថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ពោលពេញដោយបទពិសោធន៍ និងធនធានមនុស្សគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស ដែលគ្មានគណបក្សនយោបាយណាអាចជំនួសបាននោះទេ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្ថែមថា ភាពចាស់ទុំខាងនយោបាយ និងភាពសម្បូរបែប ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិ គណបក្សប្រជាជនកម្ពុជា នៅតែជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រាល់ព្រឹត្តិការណ៍បោះឆ្នោតគ្រប់អាណត្តិជាដើម។ សមាជិកគណបក្សទាំងអស់ត្រូវប្រឹងប្រែងពន្យល់នូវប្រវត្តិនៃការតស៊ូ ដឹកនាំ និងស្នាដៃសមិទ្ធផលជាច្រើនឥតគណនា ដែលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគណបក្សជាច្រើនរូប បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្តថា សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាចំបងក្នុងការកៀរគប្រជាពលរដ្ឋឱ្យងាកមក ចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែករក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជានិរន្តរ៍។ ឯកឧត្តមបណ្ឌិតក៏បានពាំនាំការសួរសុខទុក្ខ និងការនឹករម្លឹកពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំដល់យុវជនគណបក្ស ឱ្យលើកកម្ពស់ស្មារតីទទួលខុសត្រូវ បន្តចូលរួមអនុវត្តនូវកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពមានលក្ខណៈពេញលេញស្មោះត្រង់ និងការតាំងចិត្តខ្ពស់ តាមអភិក្រម «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល» ដែលជាការងារ ដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ជូនថា ឯកឧត្តម ខៀវ ភារិទ្ធ ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចតែងតាំងជាយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សនៃគណៈកម្មាធិការគណបក្ស គ.២៧ និងឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានចំនួន៦រូប ក៏ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចតែងតាំងជាយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងបានរៀបចំពិធីប្រកាសនាពេលនេះផងដែរ។






