អភិបាលខេត្តកំពង់ស្ពឺ ជំរុញនិងលើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយថ្លៃសាំង លើកកម្ពស់បរិស្ថាន
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជម្រុញនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់រថយន្តដែលដើរដោយថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការចំណាយថ្លៃប្រេងសាំង លើកកម្ពស់បរិស្ថាន។ ការជម្រុញលើកទឹកចិត្តបែបនេះ ធ្វើឡើងក្នុងជំនួបជាមួយវិនិយោគិនវិស័យតំឡើងស្ថានីយ៍ថាមពលសាករថយន្ត នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា នយោបាយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបរិស្ថានបាននិងកំពុងជំរុញចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីជំនួសឱ្យរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ ព្រោះថា រថយន្តអគ្គិសនីបានចូលរួមចំណែកយ៉ាងសំខាន់ជួយដល់បរិស្ថានតាមរយៈការមិន បញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសដូចរថយន្តប្រើប្រេងឥន្ធនៈ។ជាមួយនេះគោលនយោបាយបៃតងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ដើម្បីជួយគាំពារផ្នែកបរិស្ថាននេះផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់វិស័យយានយន្តអគ្គិសនី ជាវិស័យដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួម មិនត្រឹមតែជួយដល់ការលើកកម្ពស់បរិស្ថានប៉ុណ្ណោះទេ តែវាបានធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និង ជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល។មួយវិញទៀតការប្រើប្រាស់យានយន្តអគ្គិសនី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងពីការការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយាន យន្តប្រភេទប្រេងឥន្ធនៈ។ ហើយជាមួយគ្នានោះក្រសួងសាធារណការ ក៏បាននិងកំពុងខិតខំអនុវត្តស្របតាមទិសដៅនិងវិធានការចាំបាច់ដែលរាជរដ្ឋាភិបាលក្នុងការកំណត់ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យ ដើម្បីជំរុញឱ្យសម្រេចនូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា ៤០ភាគរយ និងទោចក្រយានយន្តអគ្គិសនីក្នុងអត្រា ៧០ភាគរយ នៅត្រឹមឆ្នាំ២០៥០ ខាងមុខ។
ក្នុងជំនួបនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ដោយឈរលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តកំពង់ស្ពឺបានលើកទឹកចិត្តនិងចូលរួមសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីឱ្យក្រុមហ៊ុនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើវិស័យថាមពលដោយសាងសង់ស្ថានីយ៍បញ្ជូលអគ្គិសនីល្បឿនលឿននៅតាមគោលដៅនានាទូទាំងខេត្តកំពង់ស្ពឺ ធ្វើយ៉ាងណាឱ្យខេត្តកំពង់ស្ពឺក្លាយជាខេត្តទំនើបនិងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អ្នកវិនិយោគវិស័យថាមពលឱ្យគិតគូឱ្យបានហ្មត់ចត់ចំពោះសុខសុវត្ថិភាពនិងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឱ្យការសាងសង់ស្ថានីយ៍បញ្ចូលថាមពលនេះបង្កការថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះឡើយ ៕






