មន្ត្រីជាន់ខ្ពស់ការពារជាតិកម្ពុជា ចេញទៅចូលរួមកិច្ចប្រជុំកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ កម្ពុជា – អាម៉េរិក នៅវ៉ាស៊ីនតោន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំ កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ កម្ពុជា – អាម៉េរិក លើកទី៤ (The 4th CAMBODIA – U.S Defense Policy Dialogue – DPD) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
គួររម្លឹកថា កាលពីដើមសប្តាហ៍នេះ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានប្រាប់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jürg Montani ប្រធានប្រតិភូថ្នាក់តំបន់អាស៊ី នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលបានបន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជា ជាពិសេសការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ក្នុងការឈានទៅដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់កន្លងមក។ លោកបានបញ្ជាក់ថា នេះគឺជាការរួមចំណែកដ៏មានសារៈសំខាន់របស់ ICRC។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់ក្រសួងការពារជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងកម្ពុជា និងថៃ។
ជាលទ្ធផល ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកងយោធពលខេមរភូមិន្ទ និង ICRC ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌ ព្រមទាំងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពក្នុងតំបន់។
ជាការឆ្លើយតប លោក Jürg Montani បានបង្ហាញការពេញចិត្តក្នុងការចូលរួមសម្របសម្រួល និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ICRC ក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

You might also like