សកម្មជន និងភ្នាក់ងារសង្កេតការណ៍បក្សភ្លើងទៀន ២៦រូប នៅខេត្តកំពង់ស្ពឺ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះទទួលសកម្មជន និងភ្នាក់ងារសង្កេតការណ៍គាំទ្រគណបក្សភ្លើងទៀនចំនួន ២៦រូប ក្នុងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ពិធីនេះប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន។
សកម្មជន និងភ្នាក់ងារសង្កេតការណ៍ទាំង ២៦រូប បានសម្រេចចិត្តដោយស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។
ពួកគាត់បានបង្ហាញពីការលែងជឿជាក់លើក្រុមទណ្ឌិតក្បត់ជាតិ ដែលមានគំនិតចង់បំបែកបំបាក់សាមគ្គីភាពជាតិ និងបំផ្លាញសុខសន្តិភាព។ ការសម្រេចចិត្តនេះ ក៏ដើម្បីគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា។
ក្នុងឱកាសនោះ លោក ទី ប៊ុនថេង បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយអាចឲ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយរស់នៅជាមួយគ្នាបាន។
លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរលង់ជាងគេ និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។
លោក ទី ប៊ុនថេង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកបានអំពាវនាវដល់សមាជិកថ្មីទាំង ២៦រូប ឲ្យខិតខំបម្រើគណបក្សឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា៕






