កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីប៉ុនប៉ងលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ): នៅ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានទទួលបណ្តឹងរាយការណ៍របស់ឈ្មោះ គយ ម៉េងហូរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្ន ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ (តំណាងក្រុមហ៊ុនប៉ាងណាគ្រី) ស្តីពីករណីប៉ុនប៉ងលួច ដែលប្រព្រឹត្តកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្រុមហ៊ុនប៉ាងណាគ្រី ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ បង្កដោយជនសង្ស័យចំនួន០២នាក់ ត្រូវបានសន្តិសុខយាមនៅក្រុមហ៊ុនខាងលើ ធ្វើការឃាត់ខ្លួនបាន ខណៈពេលដែលជនសង្ស័យទាំង០២នាក់ ៖ ១.ឈ្មោះ កែវ សុភ័ណ ហៅក្រៅ គក់ ភេទប្រុស អាយុ៣៧ឆ្នាំ, ២.ឈ្មោះ ភាព ផាត ភេទប្រុស អាយុ២៧ឆ្នាំ ឆ្នាំ បានចូលទៅក្នុងអគាររបស់ក្រុមហ៊ុនខាងលើ ហើយធ្វើសកម្មភាពលួចសម្ភារៈ។
ក្រោយទទួលសេចក្ដីរាយការណ៍ខាងលើ លោកអនុសេនីយ៍ឯក ប៉ិ ប៊ុនចុង មេបញ្ជាការ(ស្តីទី)មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ហើយនាំខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងមធ្យោយបាយប្រព្រឹត្តបទល្មើស ម៉ូតូម៉ាកហុងដា ឃ្លិច ពណ៌ខ្មៅលាយពណ៌ក្រហម គ្មានផ្លាកលេខ ចំនួន០១គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃដើម្បីសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។
លោកអនុសេនីយ៍ឯក ប៉ិ ប៊ុនចុង មេបញ្ជាការ(ស្តីទី)មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាពរួមនឹងសកម្មភាពជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






