ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍សង្គ្រោះដំណាំស្រូវរងភាពរាំងស្ងួតលើផ្ទៃដីជាង ១៥ ០០០ហិកតា ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង

នាថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍ ដើម្បីបញ្ជូនទឹកពីស្ទឹងមង្គលបូរីចូលក្នុងអាងកំពីងពួយ ក្នុងគោលបំណងជួយសង្គ្រោះផ្ទៃដីកសិកម្មដំណាំស្រូវរបស់ប្រជាកសិករចំនួន ១៥ ៥២៣ហិកតា ដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត ស្ថិតក្នុងស្រុកបាណន់ ស្រុកថ្មគោល និងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ជាដំណោះស្រាយចំពោះមុខ ក្រុមការងារជំនាញរបស់មន្ទីរ បានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ចំនួនបីសំខាន់ៗ រួមមាន៖ ទី១៖ កាយទំនប់ស្ទាក់ក្នុងប្រឡាយអូរដូនពៅ ដែលកំពុងស្ថិតក្នុងការសាងសង់ស្ពានឆ្លងកាត់មួយកន្លែង។ ទី២៖ បើកទ្វារទឹកក្បាលប្រឡាយអូរដូនពៅ ដើម្បីបញ្ជូនចរន្តទឹកឱ្យហូរចូលទៅក្នុងអាងកំពីងពួយ។ ទី៣៖ ចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងក្នុងប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ដែលរងផលប៉ះពាល់។
សូមជម្រាបថា បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ផែនការប្រព័ន្ធស្រោចស្រពអាងកំពីងពួយលើផ្ទៃដីសរុប ១៨ ៦៥៣ហិកតា ក្នុងនោះការអនុវត្តជាក់ស្តែងសម្រេចបានចំនួន ១៦ ៩៣៣ហិកតា។ កន្លងមក ក្រុមការងារបច្ចេកទេសរបស់មន្ទីរបានអន្តរាគមន៍សង្គ្រោះដំណាំស្រូវដែលខ្វះទឹកក្នុងប្រព័ន្ធអាងកំពីងពួយបានចំនួន ១ ៦១០ហិកតារួចមកហើយ ព្រមទាំងបន្តចុះជួយសង្គ្រោះ និងបញ្ជូនទឹកបញ្ចូលលើផ្ទៃដីដំណាំស្រូវដែលកំពុងជួបប្រទះការខ្វះខាតទឹកក្នុងស្រុកចំនួនពីរ និងក្រុងមួយ ជាបន្តបន្ទាប់ ស្របតាមលទ្ធភាពជាក់ស្តែងនៃប្រភពទឹកស្ទឹងមង្គលបូរី៕

You might also like