បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿង នៅច្រកបាក់ដៃ ខេត្តតាកែវ
(តាកែវ)៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នូវវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងបន្ទាប់ពីបានទទួលព័ត៌មានពីបណ្ដាញសម្ងាត់មកថា មានទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម តាមច្រកបាក់ដៃ ចំនួន២គ្រឿង មិនបានធ្វើការប្រកាសបំពេញបែបបទនាំចូលដល់មន្ត្រីការិយាល័យគយមាត់ច្រក ឱ្យបានត្រឹមត្រូវនៅឡើយ។
មន្ត្រីនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកជាសេនាធិការ ក្រុមអន្តរាគមន៍ពិសេស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករ បាក់ដៃ ខេត្តតាកែវ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថ ខេត្តតាកែវ ក្រោមការសម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដឹកនាំផ្ទាល់ដោយលោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះទៅដល់ទីតាំងដែល បណ្ដាញរាយការខាងលើមានចម្ងាយប្រមាណ ៧ទៅ៨ គីឡូម៉ែត្រពី មាត់ច្រកទ្វេភាគីបាក់ដៃ ខេត្តតាកែវ ដើម្បើធ្វើអនុលោមភាពទំនិញ។
កម្លាំងមានសមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យទៅលើទូកដឹកទំនិញនាំចូលមកពីប្រទេសវៀតណាម ចំនួន២គ្រឿង និងបានរកឃើញមានទំនិញចម្រុះ ចំនួនមួយភាគធំ មិនបានប្រកាសបំពេញបែបបទនាំចូលនៅ ការិយាល័យគយនិងរដ្ឋាករ បាក់ដៃ ឱ្យបានត្រឹមត្រូវនៅឡើយ។
បច្ចុប្បន្នមធ្យោបាយដឹកជញ្ជូនទាំងពីរគ្រឿងនិងទំនិញល្មើស សមត្ថកិច្ចចម្រុះបានប្រគល់ឱ្យទៅម្ចាស់ទទួលខុសត្រូវ ក្នុងការថែរក្សាទុក មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីរង់ចាំ ការសម្រចដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា






