សត្វស្លាបរាប់រយក្បាល វិលត្រឡប់មករស់នៅព្រៃសហគមន៍កំប្រុកយំ ក្នុងស្រុកពារាំងវិញ ខណៈសហគមន៍ប្តេជ្ញារួមគ្នាអភិរក្សប្រែក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ

(ព្រៃវែង)៖ សត្វស្លាបរាប់រយក្បាលបានហោះហើរមកប្រមូលផ្តុំរស់នៅក្នុងព្រៃសហគមន៍កំប្រុកយំ ស្ថិតនៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែលបានបង្កើតទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាត និងបង្ហាញពីប្រសិទ្ធភាពនៃការអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីអាជ្ញាធរ ព្រះសង្ឃ និងប្រជាសហគមន៍។
ព្រៃសហគមន៍នេះ មានចម្ងាយប្រមាណ ៥៧គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានផ្ទៃដីប្រមាណ ១២ហិកតា។ បច្ចុប្បន្ន វាបានក្លាយជាជម្រកសុវត្ថិភាពសម្រាប់សត្វស្លាបជាច្រើនប្រភេទ និងមានសក្តានុពលអភិវឌ្ឍទៅជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តព្រៃវែង។
ប្រជាពលរដ្ឋក្នុងភូមិតាំងស្នាយបានសម្តែងក្តីរីករាយ និងប្តេជ្ញាបន្តការពារព្រៃសហគមន៍ ដោយមិនអនុញ្ញាតឱ្យមានការបរបាញ់សត្វ ការដាក់អន្ទាក់ ឬការកាប់បំផ្លាញព្រៃឈើ ដើម្បីរក្សាជម្រកសុវត្ថិភាពសម្រាប់សត្វព្រៃ។
លោក នេត នឿន មេឃុំរកា បានឲ្យថា ព្រៃសហគមន៍កំប្រុកយំធ្លាប់មានសត្វស្លាបរស់នៅពីមុនមក ប៉ុន្តែបច្ចុប្បន្នចំនួនបានកើនឡើងប្រមាណបីដង។ លោកបញ្ជាក់ថា នេះជាលទ្ធផលនៃការរួមគ្នាអភិរក្សពីសំណាក់ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋ ហើយនឹងបន្តពង្រឹងការផ្សព្វផ្សាយ និងការអភិរក្ស ដើម្បីអភិវឌ្ឍតំបន់នេះឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏លេចធ្លោ។
ជាមួយគ្នានេះ លោក ស៊ិន សុងហេង អភិបាលរងស្រុកពារាំង បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមគ្នាថែរក្សាព្រៃសហគមន៍ ដោយកុំបរបាញ់សត្វ កុំដាក់អន្ទាក់ កុំកាប់បំផ្លាញ ឬដុតព្រៃ និងរួមគ្នាថែរក្សាជីវចម្រុះ ដើម្បីអភិវឌ្ឍតំបន់នេះជាគោលដៅអេកូទេសចរណ៍ប្រកបដោយចីរភាព។ លោកក៏បានបញ្ជាក់ថា អាជ្ញាធរស្រុកនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន ដើម្បីត្រៀមទទួលភ្ញៀវទេសចរកាន់តែប្រសើរ។
លោកអភិបាលរងស្រុកមានរំពឹងថា ការវិលត្រឡប់របស់សត្វស្លាបរាប់រយក្បាលមកកាន់ព្រៃសហគមន៍កំប្រុកយំ គឺជាសញ្ញាវិជ្ជមាននៃប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងជាក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍នៅខេត្តព្រៃវែង។ ជាមួយគ្នានេះ ដោយមានការចូលរួមពីអាជ្ញាធរ និងប្រជាសហគមន៍ តំបន់នេះត្រូវបានរំពឹងថានឹងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ និងជាមរតកបៃតងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕

You might also like