ក្រសួងព័ត៌មាន ដឹកនាំស្ថាប័នសារព័ត៌មានចំនួន ១៣ ចុះពិនិត្យភស្តុតាងសំណង់បែកបាក់នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ធន សយនារីរត្នន៍ ទីប្រឹក្សាក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូជាស្ថាប័នសារព័ត៌មានចំនួន ១៣ ទៅកាន់ច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលដោយផ្ទាល់នូវសំណង់បែកបាក់ដែលបន្សល់ទុកពីការទម្លាក់គ្រាប់ផ្លោងរបស់យោធាថៃ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងបង្ហាញភស្តុតាងរឹងមាំអំពីការទង្វើឈ្លានពានខុសច្បាប់មកលើដែនអធិបតេយ្យភាពកម្ពុជា។
ក្នុងអំឡុងពេលចុះពិនិត្យ គណៈប្រតិភូបានឃើញយ៉ាងច្បាស់នូវផលវិបាកនៃការវាយប្រហារ ដែលបានបន្សល់ទុកនូវការខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនាសម្ព័ន្ធ និងអគារនានានៅតំបន់ផ្សារថ្មអូរស្មាច់។ សំណង់បែកបាក់ទាំងនេះ គឺជាសក្ខីកម្មដ៏រស់រវើកមួយដែលបញ្ជាក់ពីការរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាកាលពីមួយឆ្នាំមុន។
តំណាងក្រសួងព័ត៌មានលោកជំទាវ ធន សយនារីរ័ត្ន បានសង្កត់ធ្ងន់ថា ការបង្ហាញភស្តុតាងទាំងនេះ គឺដើម្បីឲ្យសាធារណជនជាតិ និងអន្តរជាតិបានយល់ដឹងកាន់តែច្បាស់អំពីការពិតនៃព្រឹត្តិការណ៍ដែលបានកើតឡើង និងដើម្បីបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន។
វត្តមានរបស់ស្ថាប័នសារព័ត៌មានជាច្រើន គឺជាការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃព័ត៌មានពិត និងតម្លាភាពក្នុងការផ្សព្វផ្សាយរឿងរ៉ាវប្រវត្តិសាស្ត្រទាំងនេះ។
ការចុះពិនិត្យនេះ ក៏ជាការរំលឹកឡើងវិញផងដែរអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ ខណៈដែលបន្តទាមទារយុត្តិធម៌សម្រាប់រាល់ការរំលោភបំពានមកលើអធិបតេយ្យភាពរបស់ខ្លួន៕






