ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គពង្រឹងសមត្ថភាពមន្ត្រីការទូតជាន់ខ្ពស់ និងផ្តល់អនុសាសន៍គន្លឹះសម្រាប់វិស័យការទូតកម្ពុជា
នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាល និងបិទវគ្គពង្រឹងសមត្ថភាពមន្ដ្រីការទូតជាន់ខ្ពស់ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្ដរជាតិ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីការទូតជាន់ខ្ពស់និងសិក្ខាកាម សរុបចំនួន១២១រូប ព្រមទាំងមានការចូលរួមតាមប្រព័ន្ធវីដេអូរបស់ប្រធានស្ថានតំណាងកម្ពុជាប្រចំានៅបរទេស សរុបចំនួន៤៥រូប។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានអបអរសាទរចំពោះសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ដែលបានខិតខំរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ស្របតាមយុទ្ធសាស្រ្តស្នូលនៃការកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្ដីការទូត ជាពិសេសមុនពេលចេញទៅបំពេញបេសកកម្មនៅបរទេស។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការបំពាក់បំប៉នវិជ្ជាជីវៈការទូតឱ្យបានទូលំទូលាយ និងពេញលេញ ព្រមទាំងបានលើកទឹកចិត្ដមន្រ្ដីការទូតជាន់ខ្ពស់ដែលមានចំណេះដឹងនិងបទពិសោធន៍ល្អៗចូលរួមចែករំលែកសកម្មថែមទៀត នៅក្នុងក្របខណ្ឌនៃការជួយបណ្ដុះបណ្ដាលរបស់វិទ្យាស្ថាន។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ណែនាំគន្លឹះសំខាន់ៗជូនដល់សិក្ខាកាម និងអ្នកចូលរួមទាំងអស់ ជុំវិញការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពការងារនយោបាយការទូតកម្ពុជា នៅលើឆាកអន្ដរជាតិ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពតានតឹងភូមិសាស្រ្តនយោបាយ ការប្រជែងគ្នាយ៉ាងខ្លាំងក្លាលើបញ្ហាសន្ដិសុខ ព្រមទាំងការកើនទ្បើងនូវភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ដោយបានសង្កត់ធ្ងន់លើការបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងខ្លាំងក្លាថែមទៀតចំពោះអាទិភាពយុទ្ធសាស្រ្តការទូតកម្ពុជាធំៗទាំង៦ ដែលបានដាក់ចេញកន្លងមក។
ជាទីបញ្ចប់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានចែករំលែកបទពិសោធន៍ការទូតជាក់ស្តែងលើភាពជាអ្នកដឹកនាំ ការគ្រប់គ្រងស្ថានតំណាងឱ្យមានប្រសិទ្ធភាព និងការអនុវត្តយុទ្ធសាស្រ្តការទូតប្រកបដោយភាពបត់បែន វាងវៃ បុរេសកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិឱ្យបានគ្រប់ជ្រុងជ្រោយ និងការបន្តខិតខំទ្វេដងថែមទៀតលើកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងកិច្ចគាំពារពលរដ្ឋកម្ពុជានៅបរទេស ការពារអត្ថប្រយោជន៍និងកេរ្តិឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដោយត្រូវ បំពេញភារកិច្ចប្រកបដោយស្មារតីវិជ្ជាជីវៈ មោះមុត ស្វាហាប់ និងមានស្វាមីភក្តិជានិច្ចនិរន្ត ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។








