ទេសរដ្ឋមន្រ្តី គន់ គីម នឹងលើកគម្រោងជួយជួសជុលផ្ទះអតីតយុទ្ធជនទ្រុឌទ្រោម ក្នុងខេត្តរតនគិរី

(រតនគិរី)៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយ រដ្ឋបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យផ្ទះអតីតយុទ្ធជន និងនិវត្តជន ស្ថិតក្នុងដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបានសម្រេចប្រមាណ៥ពាន់ហិកតា សម្រាប់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
លោក គន់ គីម មានប្រសាសន៍ថា យោងតាមពិនិត្យជាក់ស្តែង រយៈពេលជាង១០ឆ្នាំកន្លងមកនេះ ផ្ទះរបស់អតីតយុទ្ធជនមានសភាពទ្រុឌទ្រោម ខូចខាតជាច្រើនមិនអាចរស់នៅបាន និងខ្វះខាតផ្លូវធ្វើដំណើរ អគ្គិសនីប្រើប្រាស់ និងសាលារៀនជាដើម។
ក្នុងនាម អគ្គលេខាធិការសមាគម លោក គន់ គីម នឹងធ្វើការពិនិត្យឡើងវិញចំពោះបញ្ហានេះ ដោយលើកជាគម្រោងជួសជុល ដើម្បីឱ្យបងប្អូនអតីតយុទ្ធជនស្នាក់នៅសមរម្យ និងមានលក្ខណៈល្អប្រសើរជាងមុន។
លើសពីនេះ លោក គន់ គីម នឹងស្នើក្រសួងពាក់ព័ន្ធ ពិនិត្យលទ្ធភាពជួយដោះស្រាយទៅតាមជំនាញរបស់ខ្លួន ជាពិសេសនឹងកំណត់អតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះផ្សេងទៀតក្នុងខេត្តរតនគិរីបានទទួលផ្ទះស្នាក់នៅ។
ឆ្លៀតក្នុងឱកាសនោះ លោក គន់ គីម បានសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារតាមខ្នងផ្ទះ និងសូមបងប្អូនអតីតយុទ្ធជនមេត្តាយោគយល់ចំពោះបញ្ហាចន្លោះប្រហោង ដោយនាពេលខាងមុខ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នឹងខិតខំប្រឹងប្រែងជួយដោះស្រាយបញ្ហាចំពោះមុខក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោក គន់ គីម បន្ថែមថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងផ្តល់អនុសាសន៍អំពីការគីតគូរដល់សុខទុក្ខ និងការលើកស្ទួយជីវភាពរស់នៅជាបន្តបន្ទាប់៕

You might also like