មនុស្ស ៤នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល
នាយកដ្ឋានពន្លត់អគ្គិភ័យយោធាប្រេស៊ីល និយាយថា មនុស្ស ៤នាក់ បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ព្រៃ Vista Chinesa ស្ថិតក្នុងទីក្រុង Rio de Janeiro ។
រូបភាពវីដេអូឃ្លីបឃើញបំណែកឧទ្ធម្ភាគចក្រនៅលើដី ខណៈក្រុមជួយសង្រ្គោះបន្ទាន់ និងក្រុមមន្រ្តីមកពីមន្ទីស៊ើបអង្កេតឧបទ្ទេវហេតុអាកាសចរណ៍ប្រេស៊ីល នៅកន្លែងកើតហេតុ ។
អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យប្រេស៊ីល និយាយថា ពួកគេបានរកឃើញឧទ្ធម្ភាគចក្រធ្លាក់នៅក្នុងព្រៃក្រាស់ពិបាកទៅដល់ ហើយមនុស្ស ៤នាក់ បានស្លាប់នៅកន្លែងកើតហេតុ រួមទាំងអ្នកបើកបរម្នាក់ផងដែរ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា អ្នកដំណើរ ៣នាក់ គឺជាភ្ញៀវទេសចរកូឡុំប៊ី មកពីគ្រួសារតែមួយ ។
ដោយឡែក ក្រុមអាជ្ញាធរប្រេស៊ីលនិយាយថា ការស៊ើបអង្កេតកំពុងធ្វើឡើង ដើម្បីស្វែងរកមូលហេតុដែលនាំឲ្យឧទ្ធម្ភាគចក្រមួយគ្រឿងនេះធ្លាក់ ៕






